ភ្នំពេញ៖ យុវជនកម្ពុជា១ក្រុម មានឈ្មោះ កំណត់ (Komnot) កើតចេញពីការប្រកួតប្រជែងគម្រោងបច្ចេកវិទ្យាបានបង្កើតTelegram Bot ដែលមានឈ្មោះថា Komnot Detect ដើម្បីត្រួតពិនិត្យសារ តំណភ្ជាប់(Links) ឯកសារ(Files) ជួយពលរដ្ឋក្នុងការបែងចែកសារ តំណភ្ជាប់(Links) ឯកសារ(Files) ថាមានសុវត្ថិភាព ឬអត់ ជៀសវាងក្លាយជាជនរងគ្រោះអំពីការឆបោករបស់ជនខិលខូច។
យុវជនក្រុមកំណត់ (Komnot) បច្ចុប្បន្នជានិស្សិតកំពុងសិក្សាផ្នែកបច្ចេកវិទ្យា បានបង្កើត Telegram Bot ដែលមានឈ្មោះថា Komnot Detect។ Telegram Botនេះ នឹងត្រួតពិនិត្យសារ និងអត្ថបទ ដោយវិភាគមើលថាតើសារទាំងនោះជាការឆបោកដែរឬទេ។ ត្រួតពិនិត្យតំណភ្ជាប់ (Links) ឯកសារ (Files) ដោយពិនិត្យមើលមុនពេលអ្នកទាញយក ឬបើកមើល។ បន្ថែមពីនេះ ក៏មានមុខងារពន្យល់ពីមូលហេតុនៃគ្រោះថ្នាក់ ដែលប្រើប្រាស់ពាក្យពេចន៍សាមញ្ញៗដើម្បីពន្យល់ មិនមែនគ្រាន់តែប្រាប់ថា "មិនមានសុវត្ថិភាព" នោះទេ។
បើតាមក្រុមកំណត់ ប្រាប់មកស៊ីស៊ីថាមស៍ លក្ខណៈពិសេសនៃTelegram Botនេះ បង្កើតឡើងដោយកូនខ្មែរ ដើម្បីដោះស្រាយបញ្ហាឆបោកក្នុងស្រុក មិនមែនជារបស់បរទេសដែលគ្រាន់តែយកមកបកប្រែនោះទេ។ កម្មវិធីត្រូវបានបង្កើត និងបង្ហាត់ (Train) ឡើងដើម្បីស្គាល់ពីល្បិចកលឆបោកដែលកើតមានឡើងជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា។ Komnot ប្រាប់ពីមូលហេតុដែលគ្រោះថ្នាក់ ព្រមទាំងណែនាំពីអ្វីដែលអ្នកប្រើប្រាស់គួរធ្វើបន្តទៀត។
ក្រុមកំណត់បានបន្តថា ចំពោះសុវត្ថិភាពនៃឯកសារ ត្រូវបានរក្សាទុកតែនៅក្នុងអង្គចងចាំបណ្តោះអាសន្ន (RAM) ប៉ុណ្ណោះក្នុងអំឡុងពេលពិនិត្យ ដោយមិនដែលត្រូវបានកត់ត្រាទុកក្នុងម៉ាស៊ីន (Disk) ឡើយ ហើយរក្សាទុកតែទម្រង់កូដសម្ងាត់នៃឯកសារ (File Hash) ប៉ុណ្ណោះ។ បន្ថែមពីនេះ គ្មានច្បាប់ដើមនៃឯកសារណាមួយ ត្រូវបានរក្សាទុកជាអចិន្ត្រៃយ៍នោះទេ។
បច្ចុប្បន្ននេះ ប្រជាពលរដ្ឋអាចប្រើប្រាស់ Telegram Bot ដោយឥតគិតថ្លៃ ដោយមានកំណត់ចំនួនដងនៃការពិនិត្យប្រចាំថ្ងៃ (ឯកសារ, សារ និងការបកស្រាយដោយ AI នីមួយៗមានចំនួន Credit ប្រចាំថ្ងៃផ្សេងៗគ្នា ហើយវានឹងកំណត់ឡើងវិញជាថ្មីរៀងរាល់ថ្ងៃ) តាមរយៈ Telegram Bot (@komnot_dec_bot)៕