Swift cc time

រន្ទះបាញ់ចំទីលានបាល់ទាត់នៅភាគខាងត្បូងថៃ សម្លាប់កីឡាករម្នាក់ និងរបួស ១២នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ កីឡាករបាល់ទាត់ជនជាតិថៃម្នាក់ បានបាត់បង់ជីវិត និង ១២ នាក់ផ្សេងទៀត (រួមទាំងកីឡាករជនជាតិម៉ាឡេស៊ីម្នាក់) បានរងរបួស បន្ទាប់ពីរន្ទះបាញ់ចំទីលានបាល់ទាត់ក្នុងក្រុងស៊ូង៉ៃកូឡុក (Sungai Golok) ខេត្តណារ៉ាធិវ៉ាត់ ភាគខាងត្បូងប្រទេសថៃ កាលពីល្ងាចថ្ងៃអង្គារម្សិលមិញ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៥:៣០ នាទីល្ងាច ចំពេលមានភ្លៀងធ្លាក់ខ្លាំង ក្នុងអំឡុងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Golok FA Cup នៅកីឡាដ្ឋាន Santiphap រវាងក្រុមកីឡាករថៃ និងម៉ាឡេស៊ី។

យោងតាមការចេញផ្សាយរបស់កាសែតCNA ជនរងគ្រោះដែលបានស្លាប់ត្រូវបានស្គាល់អត្តសញ្ញាណថាជាកីឡាករឈ្មោះ Sofwan Awae អាយុ ២៤ ឆ្នាំ ជាកីឡាករថ្មីរបស់ថៃ ដែលទើបតែចុះកិច្ចសន្យាបានប៉ុន្មានថ្ងៃមុនពេលកើតហេតុ។

ក្រោយកើតហតុ ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់បានខិតខំប្រឹងប្រែងជួយសង្រ្គោះ បុន្តែកីឡាករជនជាតិថៃរូបនេះនៅតែបាត់បង់ជីវិតដោយសាររបួសធ្ងន់ធ្ងរពេក។ ចំណែក កីឡាករជនជាតិម៉ាឡេស៊ីដែលរងរបួស មានឈ្មោះថា Mohammad Alif Ezzahan Zulkifli អាយុ ២២ ឆ្នាំ រួមទាំង កីឡាករដែលរងរបួសទាំងអស់ផ្សេងទៀត ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ Sungai Golok រួចរាល់ហើយ។

ជាចុងក្រោយ ក្លិប Yala FC និងសហព័ន្ធបាល់ទាត់ថៃ បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះគ្រួសារ សាច់ញាតិ និងអ្នកពាក់ព័ន្ធទាំងអស់ ចំពោះការបាត់បង់កីឡាករជនជាតិថៃរូបនេះ៕

Khcct banner

អត្ថបទទាក់ទង