មីយ៉ាន់ម៉ា៖ អង្គការ Justice For Myanmar (JFM) កាលពីថ្ងៃអង្គារ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់មេដឹកនាំថៃ លោក អនុទីន ចាន់វីរៈគុល ដែលបានអញ្ជើញមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) មកបំពេញទស្សនកិច្ចផ្លូវការនៅថៃ នៅថ្ងៃទី ៦-៧ ខែសីហា ខាងមុខនេះ។ អង្គការសិទ្ធិមនុស្សនេះបានព្រមានថា ការទទួលស្វាគមន៍មេដឹកនាំយោធាររូបនេះ គឺជាការផ្តល់ «ភាពស្របច្បាប់ក្លែងក្លាយ» ដល់ជនល្មើសសង្គ្រាម និងប្រឈមនឹងការធ្វើឱ្យភាគីថៃក្លាយជាអ្នកចូលដៃជើងក្នុង«ឧក្រិដ្ឋកម្មសង្គ្រាម»នៅមីយ៉ាន់ម៉ា។
តាមប្រភពព័ត៌មានមីយ៉ាន់ម៉ា អង្គការនេះ បានចោទប្រកាន់ថា ប្រាក់ចំណូលពីការនាំចេញឧស្ម័នធម្មជាតិ និងប្រព័ន្ធធនាគារក្នុងប្រទេសថៃ កំពុងក្លាយជាប្រភពហិរញ្ញវត្ថុដ៏សំខាន់ជួយផ្គត់ផ្គង់អាវុធ និងប្រេងឥន្ធនៈយន្តហោះដល់របបយោធាមីយ៉ាន់ម៉ាសម្រាប់ប្រើប្រាស់ក្នុងការវាយប្រហារលើប្រជាជនស៊ីវិល។
អង្គការនេះបានទាមទារឱ្យរាជរដ្ឋាភិបាលថៃ កាត់ផ្តាច់ប្រភពហិរញ្ញវត្ថុទាំងអស់ ស៊ើបអង្កេត និងរឹបអូសទ្រព្យសម្បត្តិខុសច្បាប់របស់គ្រួសារ មីន អ៊ុងឡាំង នៅក្នុងទីក្រុងបាងកក ព្រមទាំងអំពាវនាវឱ្យអាស៊ានបដិសេធការប្រឹងប្រែងរបស់ថៃក្នុងការធ្វើឱ្យទំនាក់ទំនងជាមួយរបបយោធានេះវិលទៅរកភាពធម្មតាឡើងវិញ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក មីន អ៊ុងឡាំង មកកាន់ប្រទេសថៃនេះ ត្រូវ បានរៀបចំឡើងដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការសន្តិសុខ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Cyber Scams) និងការផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា (MOUs)។
ជំនួបនេះធ្វើឡើងចំពេលដែលស្ថានភាពនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា កំពុងមានភាពតានតឹងខ្លាំង បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងស្រួចស្រាវរវាងកងទ័ពយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅជិតក្រុង Myawaddy ដែលបានបណ្តាលឱ្យគ្រាប់ផ្លោងធ្លាក់ចូលទឹកដីថៃក្នុងស្រុក Mae Sot រហូតបង្ខំឱ្យបិទស្ពានមិត្តភាពពាណិជ្ជកម្ម និងជម្លៀសអ្នកភូមិថៃទៅកាន់ទីសុវត្ថិភាព៕