Swift cc time

កូរ៉េខាងជើង ព្រមានជម្រើស«យោធា»ក្រោយជប៉ុនពង្រឹងវិស័យយោធាខ្លួនឡើងវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោកស្រី គីម យ៉ូជុង

ព្យុងយ៉ាង៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូជុង នៅថ្ងៃពុធទី ០៥ ខែ សីហានេះបានប្រកាសព្រមានថាខ្លួននឹងអាចឈានទៅដល់ការប្រើប្រាស់ជម្រើសយោធាប្រសិនបើខ្លួនរងការគំរាមគំហែងណាមួយពីប្រទេសក្បែរខាងរួមមានជប៉ុនជាដើម។ការព្រមានរបស់លោកស្រីនេះធ្វើឡើងបន្ទាប់ពីជប៉ុនបានធ្វើការតេស្តសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ដែលផលិតនៅអាម៉េរិកបាញ់បានចម្ងាយជាង ៣ ពាន់គីឡូដោយជោគជ័យ លោកស្រីបានចោទប្រកាន់ជប៉ុនថាកំពុងតែផ្លាស់ប្តូរខ្លួនទៅជារដ្ឋសង្គ្រាម។

យោងតាមការចេញផ្សាយរបស់ភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ លោកស្រីគីម យ៉ូជុង ថាប្រទេសជប៉ុន ដែលជារដ្ឋឧក្រិដ្ឋជនសង្គ្រាម កំពុងពន្លឿនការផ្លាស់ប្តូររបស់ខ្លួនទៅជារដ្ឋសង្គ្រាមពេញលេញនិងបង្កការគំរាមគំហែងនៅក្នុងតំបន់ លោកស្រីបានចាត់ទុកការសាកល្បងបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ថ្មីៗនេះរបស់ទីក្រុងតូក្យូ និងការចូលរួមរបស់ខ្លួននៅក្នុងសមយុទ្ធដឹកនាំដោយសហរដ្ឋអាម៉េរិកនៅខែឧសភានៅប្រទេសហ្វីលីពីន ជាភស្តុតាងនៃការគាំទ្ររបស់អាម៉េរិកចំពោះ ចលនាយោធាដ៏គ្រោះថ្នាក់នៅប៉ាស៊ីហ្វិក។

បើតាមលោកស្រី គីម យ៉ូជុង ទីក្រុងតូក្យូកំពុងធ្វើចលនាដើម្បីបង្កើតសមត្ថភាពក្នុងការវាយប្រហារជាមុន ហើយកូរ៉េខាងជើងនឹងមិនក្លាយជាអ្នកមើលរំលងចំពោះការវិវត្តន៍យោធារបស់ប្រទេសជប៉ុន ដែលអាចបង្កការគំរាមកំហែងធ្ងន់ធ្ងរនោះទេ។លោកស្រីសង្គត់ធ្ងន់ទៀតថា ប្រសិនជប៉ុននៅតែបន្តគិតខុសបែបនេះទៀតនោះនឹងបង្កបញ្ហាកាន់តែធ្ងន់ធ្ងរបន្ថែមទៀត លោកស្រីថាកូរ៉េខាងជើងនឹងបង្កើតជម្រើសយោធាបន្ថែមដោយសារតែការផ្លាស់ប្តូរសកម្មភាពរបស់ប្រទេសជប៉ុនក្នុងតំបន់។

គួររម្លឹកថារដ្ឋមន្ត្រីការពារជាតិរបស់ជប៉ុនបានប្រកាស កាលពីថ្ងៃអង្គារថា បានអះអាងថាយោធាត្រូវតែពង្រឹងការការពារឲ្យបានកាន់តែប្រសើរឡើងទៀតនិងត្រៀមខ្លួនដើម្បីការពារជាតិមាតុភូមិកំឡុងពេលស្ថានការណ៍កាន់តែតានតឹងបែបនេះ ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិរបស់ជប៉ុនស្របពេលដែលរដ្ឋាភិបាលថ្មីរបស់ជប៉ុនបានព្រមានអំពីការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រទេសចិន រុស្ស៊ី និងកូរ៉េខាងជើង។

ជប៉ុនបានបង្កើនការចំណាយយោធារបស់ខ្លួនចំនួន ៩.៧ ភាគរយដល់ ៦២.២ ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំ ២០២៥ ដែលស្មើនឹង ១.៤ ភាគរយនៃផលិតផលក្នុងស្រុកសរុប ដែលជាចំនួនខ្ពស់បំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ ១៩៥៨ មក។ ប្រទេសជប៉ុនធ្លាប់កាន់កាប់ប្រទេសកូរ៉េទាំងមូលមុនពេលចុះចាញ់នៅឆ្នាំ ១៩៤៥ ក្នុងសង្គ្រាមលោកលើកទីពីរ បន្ទាប់ពីនោះឧបទ្វីបកូរ៉េត្រូវបានបែងចែកទៅជារដ្ឋដាច់ដោយឡែកពីគ្នាតាមបណ្តោយប៉ារ៉ាឡែលទី ៣៨ បែកចែកភាគខាងត្បូងក្រោមការថែទាំរបស់អាម៉េរិក និងខាងជើងក្រោមការថែទាំរបស់រុស្ស៊ី៕

Khcct banner

អត្ថបទទាក់ទង