ជប៉ុន៖ ប្រទេសជប៉ុន កាលពីថ្ងៃទី ៣១ ខែកក្កដា បានប្រកាសបង្កើត «ការិយាល័យព័ត៌មានសម្ងាត់ជាតិ» (National Intelligence Bureau) ជាផ្លូវការ ដើម្បីពង្រឹងតួនាទីអ្នកសម្របសម្រួលព័ត៌មានសម្ងាត់មជ្ឈិមឱ្យកាន់តែមានឥទ្ធិពលក្នុងប្រព័ន្ធសន្តិសុខជាតិ។ ស្ថាប័នថ្មីនេះ មានសមត្ថកិច្ចតាមច្បាប់ក្នុងការចងក្រង និងវិភាគទិន្នន័យពីគ្រប់ក្រសួង-ស្ថាប័នរដ្ឋ ដើម្បីរាយការណ៍ផ្ទាល់ជូនថ្នាក់ដឹកនាំនយោបាយ និងកំណត់អាទិភាពការងារដោយឯករាជ្យពីរបៀបវារៈរបស់ក្រសួងផ្សេងៗ។នេះបើយោងតាមការចេញផ្សាយរបស់កាសែតJapan Times។
ស្ថិតក្រោមការដឹកនាំរបស់លោក Kazuya Hara អតីតប្រធានព័ត៌មានសម្ងាត់ និងជានគរបាលជាន់ខ្ពស់ ស្ថាប័ននេះនឹងបន្តគ្រប់គ្រងបុគ្គលិកដើមប្រមាណ ៧៣០ នាក់ និងទទួលបន្តភារកិច្ចពីការិយាល័យស្រាវជ្រាវ និងព័ត៌មានសម្ងាត់គណៈរដ្ឋមន្ត្រី (CIRO) ព្រមទាំងទទួលបានការបន្ថែមតំណែងថ្មីចំនួន ៣០ កន្លែងទៀត។
ផ្អែកតាមច្បាប់ដែលបានអនុម័តកាលពីខែឧសភា ជប៉ុនក៏បានបង្កើត «ក្រុមប្រឹក្សាព័ត៌មានសម្ងាត់ជាតិ» មួយទៀត ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi និងមានសមាសភាពជាមន្ត្រីជាន់ខ្ពស់ រួមទាំងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិផងដែរ ដោយក្រុមប្រឹក្សានេះបានបើកកិច្ចប្រជុំដំបូងកាលពីថ្ងៃទី ៣១ ខែកក្កដា។ ក្រុមប្រឹក្សានេះស្ថិតនៅលំដាប់ថ្នាក់លើការិយាល័យព័ត៌មានសម្ងាត់ជាតិ ប៉ុន្តែធ្វើការជាដៃគូយ៉ាងជិតស្និទ្ធជាមួយគ្នា។ ដោយមានថ្នាក់ស្មើនឹងលេខាធិការដ្ឋានសន្តិសុខជាតិ (NSS) ការិយាល័យថ្មីនេះមានភារកិច្ចផ្តោតលើការសម្របសម្រួល ប្រមូល និងវិភាគទិន្នន័យឆ្លងក្រសួងឱ្យកាន់តែរលូន និងឆាប់រហ័ស ខុសពី NSS ដែលផ្តោតសំខាន់លើការរៀបចំនយោបាយ។
យោងតាមប្រភពព័ត៌មាន ការបង្កើតស្ថាប័ននេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ខណៈបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោកស្រី Takaichi កំពុងបន្តជំរុញផែនការកែទម្រង់ស៊ីជម្រៅ រួមមាន៖ ការបង្កើតភ្នាក់ងារព័ត៌មានសម្ងាត់បរទេសដាច់ដោយឡែក, ការបង្កើតច្បាប់ប្រឆាំងការស៊ើបការណ៍សម្ងាត់, ការតម្រូវឱ្យភ្នាក់ងារតំណាងអំណាចបរទេសចុះបញ្ជី និងការបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ស្កាត់ចាប់ការប្រាស្រ័យទាក់ទង (លួចស្ដាប់) ដោយសារមូលហេតុសន្តិសុខជាតិ។
ជុំវិញផែនការនេះ ក្រុមអ្នកច្បាប់បក្សប្រឆាំងបានព្រមានថា អំណាចទូលំទូលាយទាំងនេះអាចរំលោភលើសិទ្ធិរដ្ឋធម្មនុញ្ញ និងប៉ះពាល់ដល់សេរីភាពអ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ និងសកម្មជននយោបាយ។ ជាការឆ្លើយតប លោកស្រី Takaichi បានអះអាងសារជាថ្មីថា រាល់ការអភិវឌ្ឍ និងកែទម្រង់ទាំងឡាយ នឹងប្រព្រឹត្តទៅដោយរក្សាបាននូវតុល្យភាពរវាងសន្តិសុខជាតិ សេរីភាព និងសិទ្ធិមនុស្សយ៉ាងម៉ឺងម៉ាត់៕