Swift cc time

បុគ្គលិកជប៉ុន២នាក់ ស្លាប់ពេលចូលយកប្រាក់ក្នុងផ្សារ Aeon Mall ជប៉ុន តាមបញ្ជាមេ ខណៈមានគ្រោះរញ្ជួយដីកន្លងទៅ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ជប៉ុន៖ បុគ្គលិកជនជាតិជប៉ុន២នាក់ បានស្លាប់ ក្រោយទទួលបានបញ្ជាពីថ្នាក់លើឱ្យចូលទៅយកប្រាក់ក្នុងផ្សារ Aeon Mall ជប៉ុន ខណៈ គ្រោះរញ្ជួយកំពុងវាយប្រហារអាគារពាណិជ្ជកម្មនោះយ៉ាងធ្ងន់ធ្ងរ។ក្រោយដំណឹងមរណភាព តំណាងក្រុមហ៊ុន បានចេញមុខសុំទោសជាផ្លូវការចំពោះគ្រួសារសព និងបានសារភាពថា ខ្លួនជាអ្នកបញ្ជាឱ្យ បុគ្គលិក ២ នាក់នោះ ឱ្យត្រឡប់ចូលទៅក្នុងហាងវិញដើម្បីប្រមូលប្រាក់ដាក់ចូលទូដែក បន្ទាប់ពីពួកគេបានជម្លៀសខ្លួនចេញផុតពីគ្រោះរញ្ជួយដីដោយសុវត្ថិភាពរួចទៅហើយ។

តាមការបញ្ជាក់ពីក្រុមហ៊ុនប្រតិបត្តិការហាងទំនិញ Habita បុគ្គលិកស្រ្តីវ័យ ២២ ឆ្នាំម្នាក់ និងសហការីម្នាក់ទៀត បានជម្លៀសខ្លួនចេញពីផ្សារទំនើបដោយសុវត្ថិភាពហើយបន្ទាប់ពីរញ្ជួយដី ប៉ុន្តែប្រមាណ ៥០ នាទីក្រោយមក អ្នកទាំងពីរបានត្រឡប់ចូលទៅជាន់ទីពីរនៃហាងវិញ បន្ទាប់ពីទទួលបានការបង្គាប់ពីអ្នកគ្រប់គ្រងផ្នែកលក់ (តាមរយៈប្រធានហាង) ឱ្យប្រមូលប្រាក់ពីទូគិតប្រាក់ទៅទុកក្នុងទូដែកនៅបន្ទប់ខាងក្រោយ។

ក្រុមហ៊ុន Habita បានបន្ថែមថា តាមគោលការណ៍ បុគ្គលិកទាំងពីរត្រូវទទួលបានការអនុញ្ញាតពីភាគីផ្សារទំនើប Aeon ជាមុនសិនមុននឹងចូលទៅ ប៉ុន្តែក្រុមហ៊ុនមិនទាន់ច្បាស់ថាពួកគេបានសុំការអនុញ្ញាតដែរឬយ៉ាងណានោះទេ។

លោក Yuse Koji អ្នកគ្រប់គ្រងផ្នែកលក់បានសម្តែងការស្តាយក្រោយយ៉ាងខ្លាំងដោយពោលថា៖ «ខ្ញុំគិតថាបទបញ្ជានោះគឺមិនសមរម្យទាល់តែសោះ។ ខ្ញុំស្តាយក្រោយជាពន់ពេក»។ លោកបានបន្ថែមថា ក្រុមហ៊ុនកំពុងពិចារណាលើវិធានការដោះស្រាយជុំវិញបញ្ហានេះ រួមទាំងការបើកការស៊ើបអង្កេតផ្ទៃក្នុងផងដែរ។

គួររំលឹកថា ហេតុការណ៍ផ្ទុះយ៉ាងរន្ធត់ដែលបានកើតឡើងនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ស្ថិតក្នុងទីប្រជុំជន Kashima ខេត្ត Kumamoto កាលពីថ្ងៃទី២៨ ខែកក្កដា បានបណ្តាលឱ្យមនុស្សសរុប ៧ នាក់បាត់បង់ជីវិត ដែលក្នុងនោះ ២ នាក់ជាបុគ្គលិករកស៊ីឱ្យក្រុមហ៊ុន Habita៕

Khcct banner

អត្ថបទទាក់ទង