ព្យុងយ៉ាង៖ កូរ៉េខាងជើងបានណែនាំស៊ុបសាច់ឆ្កែជាម្ហូបញាំដើម្បីការការពារប្រឆាំងនឹងកំដៅរដូវក្តៅដែលកំពុងតែផ្ទុះឡើងក្នុងប្រទេសកូរ៉េខាងជើង កាសែត Rodong Sinmun ដែលជាកាសែតគណបក្សពលករកំពុងកាន់អំណាច បានបោះពុម្ពផ្សាយដំបូន្មានសុខភាពកាលពីថ្ងៃអាទិត្យ ដោយផ្តល់គន្លឹះសម្រាប់ទប់ទល់នឹងរលកកំដៅ និងការណែនាំអំពីការសង្គ្រោះបឋមសម្រាប់ជំងឺដែលអាចកើតមានឡើងដោយសារតែកម្តៅក្តៅខ្លាំង។
នៅក្នុងបទសម្ភាសន៍ជាមួយវេជ្ជបណ្ឌិតជាន់ខ្ពស់ម្នាក់នៅមន្ទីរពេទ្យទូទៅព្យុងយ៉ាង កាសែតនេះបានដកស្រង់សំដីវេជ្ជបណ្ឌិតថា ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីតលើសអាចកាន់តែអាក្រក់ទៅៗដោយសារតែអស់កម្លាំងដោយសារកំដៅ និងដាច់សរសៃឈាមខួរក្បាលដោយសារកំដៅ។ ការអំពាវនាវរបស់វេជ្ជបណ្ឌិតប្រទេសកូរ៉េខាងជើងធ្វើឡើងកំឡុងពេលដែលកូរ៉េខាងជើងកំពុងតែជួបប្រទះនឹងកំដៅដ៏ក្តៅគគុក និងអកាសធាតុប្រែប្រួលមិនធ្លាប់មាននាពេលយប់ ដោយតំបន់ខ្លះមានសីតុណ្ហភាពខ្ពស់បំផុតនៅពេលរសៀលកើនឡើងដល់ ៤០ អង្សាសេ។
បើតាមកាសែត Rodong Sinmun ដដែលវេជ្ជបណ្ឌិតបានណែនាំអាហារត្រជាក់ដូចជាឪឡឹក សណ្តែកបៃតង និងត្រសក់ រួមជាមួយនឹងអាហារដែលមានជីវជាតិខ្ពស់រួមទាំងស៊ុបសាច់ឆ្កែ បបរត្រី និងបបរសណ្តែកក្រហម។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានណែនាំស៊ុបសាច់ឆ្កែជាការការពារប្រឆាំងនឹងកំដៅរដូវក្តៅ ដែលជាការជំរុញរបបអាហារប្រើប្រាស់សាច់ឆ្កែធ្លាប់មានការចម្រូងចម្រាសជាខ្លាំងលើការយកសាច់ឆ្កែធ្វើជាអាហារ។
គួររម្លឹកនៅកូរ៉េខាងត្បូងវិញបានចេញច្បាប់ហាមឃាត់ការបូរិភោគសាច់ឆ្កែ ដោយច្បាប់នេះរួមបញ្ចូលទាំងរយៈពេលអនុគ្រោះបីឆ្នាំ ដែលបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២៧ បន្ទាប់ពីនោះ អ្នករំលោភបំពាន និងបូរិភោគសាច់ឆ្កែ និងប្រឈមមុខនឹងការជាប់ពន្ធនាគារអតិបរមាបីឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ៣០ លានវ៉ុនកូរ៉េខាងត្បូង (២២.០០០ ដុល្លារអាម៉េរិក)៕