អ៊ីស្រាអែល៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន XPeng Motors បានក្ដោបក្តាប់តំណែងកំពូលនៅលើទីផ្សាររថយន្តអគ្គិសនី (EV) ក្នុងប្រទេសអ៊ីស្រាអែល សម្រាប់រយៈពេល ៧ខែដំបូង នៃឆ្នាំ២០២៦ នេះ ដោយលក់បានសរុបចំនួន ៣,៥០៣ គ្រឿង។ នេះបើយោងតាមទិន្នន័យចេញផ្សាយដោយសមាគមអ្នកនាំចូលរថយន្តអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ។
ម៉ូដែលរថយន្ត XPeng កំពុងវាយលុកទីផ្សារអ៊ីស្រាអែល រួមមាន៖ រថយន្ត SUV អគ្គិសនីទំហំមធ្យម ម៉ូដែល G6 និង G9, រថយន្ត Sedan ម៉ូដែល P7 និងរថយន្តគ្រួសារលំដាប់ខ្ពស់ ៧កៅអី ម៉ូដែល X9។
ក្នុងចំណាត់ថ្នាក់ទីផ្សាររថយន្តអគ្គិសនីនេះ ក្រុមហ៊ុន Tesla របស់អាមេរិកឈរនៅលេខរៀងទី២ ដោយលក់បាន ៣,១៦២ គ្រឿង ខណៈក្រុមហ៊ុនចិន Changan Automobile ឈរនៅលេខរៀងទី៣ ដោយលក់បាន ២,៣១៨ គ្រឿង។ សរុបមក ម៉ាកសញ្ញារថយន្តអគ្គិសនីមកពីប្រទេសចិន កំពុងគ្របដណ្តប់ទីផ្សាររថយន្តអគ្គិសនីនៅអ៊ីស្រាអែល រហូតដល់ទៅជាង ៧០%។
សម្រាប់ទីផ្សាររថយន្តសរុប (រួមទាំងរថយន្តប្រើប្រេងសាំង, ហាយប្រ៊ីដ (Hybrid) និងអគ្គិសនី) ក្រុមហ៊ុនផលិតរថយន្តចិន នៅតែបន្តនាំមុខគេដដែល ដោយលក់បានសរុប ៩០,២០៦ គ្រឿង។ បន្ទាប់មក ក្រុមហ៊ុនមកពីកូរ៉េខាងត្បូងលក់បាន ៣២,៧២៨ គ្រឿង និងក្រុមហ៊ុនជប៉ុនលក់បាន ២០,៩៨១ គ្រឿង។ក្រុមហ៊ុនចិន Chery គឺជាអ្នកនាំមុខគេដោយលក់បានរហូតដល់ ៤៦,៥៤២ គ្រឿង តាមពីក្រោយដោយក្រុមហ៊ុនជប៉ុន Toyota លក់បាន ១៩,០២៨ គ្រឿង និងក្រុមហ៊ុនកូរ៉េខាងត្បូង Hyundai លក់បាន ១៨,០២៣ គ្រឿង៕