Swift cc time

ថៃ ខាតជិត១២ម៉ឺនដុល្លារ ក្រោយរឹបអូសបារីគេចពន្ធ ជិត១,៥ លានដើម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ អាជ្ញាធរប៉ូលិសសហការជាមួយមន្ត្រីពន្ធអាករថៃ បានចុះប្រតិបត្តិការបង្ក្រាប និងរុះរើឃ្លាំងស្តុកបារីខុសច្បាប់ដ៏ធំមួយ ស្ថិតក្នុងខេត្តនគររាជសីមា (Nakhon Ratchasima) ដោយរឹបអូសបានបារីគេចពន្ធជិត ១,៥ លានដើម ដែលមានតម្លៃសរុបប្រមាណ ៦,៧៥ លានបាត (ជាង ២០ ម៉ឺនដុល្លារអាមេរិក)។មន្ត្រីជំនាញ បានប៉ាន់ប្រមាណថា សកម្មភាពល្មើសច្បាប់នេះ បានធ្វើឱ្យរដ្ឋាភិបាលថៃ បាត់បង់ចំណូលពន្ធអស់ជាង ៤ លានបាត (ជិត ១២ ម៉ឺនដុល្លារអាម៉េរិក)។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod បានឱ្យដឹងថា ស្ត្រីវ័យ ៧៣ ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីអាជ្ញាធរថៃ បានចុះឆែកឆេរហាងចាប់ហួយមួយកន្លែង ក្នុងស្រុក Muang ដែលត្រូវបានប្រើប្រាស់ជាទីតាំងបាំងមុខ សម្រាប់ការចែកចាយដុំ និងលក់រាយនូវបារីបរទេសគ្មានពន្ធ។

នៅចំពោះមុខសមត្ថកិច្ចថៃ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាម្ចាស់បារីទាំងនោះ និងបានលក់បន្តទៅឱ្យអតិថិជនប្រចាំពិតមែន។ គាត់បានអះអាងទៀតថា ទំនិញទាំងនេះត្រូវបានផ្គត់ផ្គង់ដោយបុរសជនជាតិថៃម្នាក់ ដែលបានរត់ពន្ធចូលស្រុកតាមច្រករបៀងធម្មជាតិ ក្បែរច្រកព្រំដែន ចុងចោម (Chong Chom) ក្នុងខេត្តសុរិន្ទ (Surin) រួចដឹកជញ្ជូនបន្តតាមរថយន្តភីកអាប់មកឱ្យគាត់។

ក្រុមអ្នកស៊ើបអង្កេតកំពុងបន្តស្រាវជ្រាវដើម្បីស្វែងរកបណ្តាញផ្គត់ផ្គង់ដើម និងកំណត់អត្តសញ្ញាណជនសង្ស័យផ្សេងទៀតដែលពាក់ព័ន្ធក្នុងខ្សែសង្វាក់រត់ពន្ធនេះ។ ចំណែកឯស្ត្រីវ័យ ៧៣ ឆ្នាំខាងលើ ត្រូវប្រឈមមុខនឹងបទចោទប្រកាន់ពាក់ព័ន្ធនឹងការកាន់កាប់ និងចែកចាយទំនិញនាំចូលខុសច្បាប់ ដោយគ្មានការបង់ពន្ធ ឬឆ្លងកាត់គយត្រឹមត្រូវ។អាជ្ញាធរថៃ បានបញ្ជាក់ថា អ្នកប្រព្រឹត្តបទល្មើសប្រភេទនេះ អាចប្រឈមនឹងការពិន័យជាប្រាក់រហូតដល់ ៦០ លានបាត (ប្រមាណជិត ២ លានដុល្លារអាម៉េរិក)៕

Khcct banner

អត្ថបទទាក់ទង