វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានប្រកាសថាការការចរចាជាមួយអ៊ីរ៉ង់កំពុងដំណើរការទោះបីជាមានការបដិសេធពីអ៊ីរ៉ង់ក៏ដោយ លោកព្រមានទៀតថាសាធារណរដ្ឋអ៊ីស្លាមកំពុងប្រឈមមុខនឹងឱកាសចុងក្រោយមុនពេលត្រូវបានកាត់ក្បាល ដោយលោកចង់សំដៅថាអ៊ីរ៉ង់ត្រូវតែមានការសម្រេចចិត្តចុងក្រោយជាមួយអាម៉េរិក មុនពេលលោកបើកកវាយប្រហារទ្រង់ទ្រាយធំម្តងទៀតមិនធ្លាប់មានចាប់តាំងពីសង្រ្គាមលោកលើកទី ២ មក។ លោក ត្រាំ បញ្ជាក់ទៀតថាលោកបានយល់ព្រមបន្តការចរចាជាមួយអ៊ីរ៉ង់តាមការស្នើសុំរបស់អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម កាតា និងប្រទេសដទៃទៀត។
ថ្លែងក្នុងសេតវិមានអំពីការវិវត្តនៃសង្រ្គាមអ៊ីរ៉ង់លោកប្រធានាធិបតីអាម៉េរិកបានប្រាប់អ៊ីរ៉ង់ថានេះជាឱកាសចុងក្រោយសម្រាប់ពួកគេក្នុងការចុះហត្ថលេខាលើឯកសារពាក់ព័ន្ធកិច្ចព្រមព្រៀង។លោកថា ចង់ផ្តល់ឱកាសចុងក្រោយដល់អ៊ីរ៉ង់មុនពេលត្រូវបានកាត់ក្បាលពួកគេចោល ហើយការចរចានេះផ្តោតលើការបើកច្រកសមុទ្រ ហ័រមូស ឡើងវិញ ដែលនឹងត្រូវតែធ្វើនៅថ្ងៃនេះ រឺថ្ងៃស្អែក និងជាពិសេសការរំសាយអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលលោកថារឿងនេះអាចនឹងចំណាយពេលបន្តិចក្រៅពីចំណុចចរចាផ្សេងៗ។
គួររម្លឹកថាអាម៉េរិក និងអ៊ីរ៉ង់ កំពុងតែស្ថិតក្នុងសង្គ្រាមដែលបានផ្ទុះឡើងតាំងពីថ្ងៃទី ២៨ ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារដោយមិនបានរំពឹងទុកប្រឆាំងនឹងអ៊ីរ៉ង់ ទោះបីជាមានការទូតជាបន្តបន្ទាប់អស់រយៈពេលជាច្រើនខែបាននាំឱ្យមានភាពស្ងប់ស្ងាត់ក៏ដោយ។ ជាងប្រាំខែក្រោយមក អ៊ីរ៉ង់នៅតែអាចបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកទៅលើគោលដៅរបស់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ និងរក្សាស្តុកអ៊ុយរ៉ាញ៉ូមដែលចម្រាញ់របស់ខ្លួនសម្រាប់ផលិតនុយក្លេអ៊ែរបានដដែល៕