Swift cc time

រដ្ឋាភិបាលមីយ៉ាន់ម៉ា ទម្លាយរូបភាព ៤ សន្លឹក ពីជំនួបរវាងលោកស្រី អ៊ុងសាន ស៊ូជី និងមន្ត្រីកាកបាទក្រហមអន្តរជាតិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

មីយ៉ាន់ម៉ា៖ អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ា នៅថ្ងៃចន្ទនេះ បានទម្លាយរូបភាពដ៏កម្រចំនួន ៤ សន្លឹក ដែលបង្ហាញពីជំនួបរវាងលោកស្រី អ៊ុងសាន ស៊ូជី អតីតមេដឹកនាំមីយ៉ាន់ម៉ាវ័យ ៨១ ឆ្នាំ ជាមួយលោក អាណូ ដឺ ប៊ែគ (Arnaud de Baecque) តំណាងប្រចាំតំបន់នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) នៅក្នុងរដ្ឋធានីណៃពិដោ។ នេះបើយោងតាមសារលើ Telegram របស់អ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី ខាញ ខាញ សូ ខណៈជំនួបនេះបានកើតឡើងចំពេលមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពសុខភាពរបស់លោកស្រី។

យោងតាមការចេញផ្សាយរបស់កាសែត CAN ក្នុងរូបថតពីរក្នុងចំណោមរូបថតទាំងបួននោះ លោកស្រី អ៊ុងសាន ស៊ូជី ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីភូមា ត្រូវបានគេឃើញកំពុងអង្គុយជជែកជាមួយតំណាង ICRC នៅក្នុងបន្ទប់ឈើមួយដែលមានតែតុមួយ និងកៅអីពីរ។ ចំណែករូបថតមួយទៀត បានបង្ហាញពីទិដ្ឋភាពខាងក្នុងកន្លែងស្នាក់នៅរបស់លោកស្រី ដោយគេឃើញលោកស្រីកំពុងកាត់នំខេកថ្ងៃកំណើតដែលមានសរសេរថា «រីករាយថ្ងៃកំណើត អ៊ុំស្រី ស៊ូ 29.6.2026» ដោយមានធ្នើរព្យួរខោអាវ និងប្រអប់ឥវ៉ាន់នៅផ្នែកខាងក្រោយ។

ទាក់ទិននឹងជំនួបនេះ ភាគី ICRC មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ។ ភ្នាក់ងារព័ត៌មាន Reuters បានបញ្ជាក់ថា ពួកគេមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យអំពីទីតាំង និងកាលបរិច្ឆេទពិតប្រាកដនៃការថតរូបទាំងនោះបានទេ ប៉ុន្តែក៏ពុំមានតម្រុយថារូបថតទាំងនេះ ធ្លាប់បានបង្ហោះលើអ៊ីនធឺណិតមុនថ្ងៃចន្ទនេះដែរ។

គួររំលឹកថា ម្ចាស់ជ័យលាភីរង្វាន់ណូបែលសន្តិភាពរូបនេះ បានស្ថិតក្រោមការឃុំខ្លួនចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ មកម្ល៉េះ នៅពេលដែលរដ្ឋាភិបាលស៊ីវិលដែលដឹកនាំដោយលោកស្រី ត្រូវបានយោធាមីយ៉ាន់ម៉ាធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាច។ ចាប់តាំងពីពេលនោះមក ទីតាំងពិតប្រាកដ និងស្ថានភាពសុខភាពរបស់លោកស្រី គឺស្ទើរតែមិនត្រូវបានគេដឹងច្បាស់ឡើយ៕

Khcct banner

អត្ថបទទាក់ទង