ភ្នំពេញ៖ យុវជន ឃឿន ចន្ទតូ ជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកនុយក្លេអ៊ែរជាមួយ Red Diploma (សញ្ញាបត្រកិត្តិយស) ដែលជាកិត្តិយសខ្ពស់បំផុតសម្រាប់និស្សិតដែលមានលទ្ធផលសិក្សាឆ្នើម ពីសាកលវិទ្យាល័យ National Research Nuclear University MEPhI (Moscow Engineering Physics Institute) ដែលឈានមុខគេលេខ១នៅរុស្ស៊ី លើវិស័យនុយក្លេអ៊ែរ។ យុវជនកម្ពុជារូបនេះ គ្រោងនឹងយកចំណេះដឹងដែលទទួលបានពីជំនាញនេះ មកអភិវឌ្ឍន៍កម្ពុជាលើវិស័យសុខាភិបាល។
ក្នុងរយៈពេល៥ឆ្នាំនៃការសិក្សា យុវជនរូបនេះ បានសិក្សាជាច្រើនទាក់ទងនឹងជំនាញ តាមរយៈការសិក្សានៅក្នុងសាលា ចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជាច្រើនរួមមាន៖ World Youth Festival, World Atomic Week, Young Scientists Congress, និង Obninsk Tech Winter School។ បន្ថែមពីនេះ លោកបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញ Radiochemistry: Nuclear Waste Management និងវគ្គ Raising Safety Awareness of Nuclear Technologies ដែលបានពង្រឹងជំនាញលើសុវត្ថិភាព និងការគ្រប់គ្រងបច្ចេកវិទ្យានុយក្លេអ៊ែរ។ បន្ថែមពីនេះ បានទៅទស្សនកិច្ចសិក្សានៅរោងចក្រផលិតនុយក្លេអ៊ែរដំបូងគេរបស់រុស្ស៊ីផងដែរ។
បើតាមយុវជន ឃឿន ចន្ទតូ ថាមពលនុយក្លេអ៊ែរអាចប្រើប្រាស់បានច្រើនបែបដូចជា ផលិតថាមពលអគ្គិសនី ប្រើប្រាស់ក្នុងវិស័យកសិកម្ម និងវិស័យសុខាភិបាលជាដើម ក្នុងការព្យាបាលជំងឺមហារីក។
ជាជំហានបន្ទាប់ យុវជន ឃឿន ចន្ទតូ នឹងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តាមកម្មវិធីអន្តរជាតិរួមនៅ ប្រទេសបារាំង និងប្រទេសអេស្ប៉ាញ ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាអ្នកជំនាញផ្នែកថាមពលនុយក្លេអ៊ែរ និងបច្ចេកវិទ្យាទំនើបលំដាប់អន្តរជាតិ។ ក្រោយបញ្ចប់ការសិក្សា យុវជនរូបនេះ គ្រោងនឹងវិលត្រឡប់មកកម្ពុជាវិញ ដោយយកចំណេះជំនាញដែលខ្លួនបានសិក្សា មកអភិវឌ្ឍន៍កម្ពុជាក្នុងវិស័យសុខាភិបាល៕
សូមទស្សនាវីដេអូសម្ភាសន៍ពេញ៖