ភ្នំពេញ៖ ប្រតិភូយុវជនកម្ពុជា ចំនួន ០៧រូប នឹងចូលរួមក្នុងកម្មវិធី World Youth Festival 2026 ដែលជាព្រឹត្តិការណ៍យុវជនអន្តរជាតិដ៏ធំបំផុតប្រចាំឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុង Ekaterinburg សហព័ន្ធរុស្ស៊ី ក្រោមអធិបតីភាពលោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីសហព័ន្ធរុស្ស៊ី និងថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងយុវជនមកពីបណ្តាប្រទេសជុំវិញពិភពលោក។
ប្រតិភូយុវជនកម្ពុជាទាំង ៧រូប រួមមាន៖ លោក ណោង រិទ្ធី (ប្រធានប្រតិភូយុវជន) តំណាងកម្ពុជាក្នុងវិស័យភាពជាអ្នកដឹកនាំ យុវជន ការទូត ទំនាក់ទំនងអន្តរជាតិ និងរដ្ឋបាលសាធារណៈ។ លោក លី សុវណ្ណដារ៉ុង តំណាងកម្ពុជាក្នុងវិស័យសំណង់ ស្ថាបត្យកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា ថាមពល ដឹកជញ្ជូន និងភស្តុភារកម្ម។ លោក ភឹម វុត្ថា និងលោក គីម ទិព្វវីរៈរិទ្ធិ តំណាងកម្ពុជាក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ពន្ធដារ គយ វិនិយោគ និងសហគ្រិនភាព។ លោក អ៊ាន សុខណាង លោក ថៃ ផាន្នី និងលោក សុត បញ្ញា តំណាងកម្ពុជាក្នុងវិស័យវិទ្យាសាស្ត្រ ការអប់រំ ប្រព័ន្ធផ្សព្វផ្សាយ បញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យា Blockchain បច្ចេកវិទ្យាឌីជីថល និងព័ត៌មាន និងយុវតី ខុន សុមុនី ជាយុវជនចូលរួម។
គួរបញ្ជាក់ថា កម្មវិធី World Youth Festival 2026 ត្រូវបានអនុម័តជាផ្លូវការ ដោយក្រឹត្យប្រធានាធិបតីសហព័ន្ធរុស្ស៊ី ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការរៀបចំព្រឹត្តិការ International Youth Festival 2026 ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងយុវជនជំវិញពិភពលោក។ កម្មវិធីនេះ នឹងប្រមូលផ្តុំប្រតិភូយុវជនប្រមាណ ១០,០០០ នាក់ និងអ្នកស្ម័គ្រចិត្តប្រមាណ ២,០០០នាក់ មកពីជាង ១៩០ប្រទេស ដើម្បីជំរុញការផ្លាស់ប្តូរភាពជាអ្នកដឹកនាំ វប្បធម៌ ការចែករំលែកចំណេះដឹង នវានុវត្តន៍ ភាពជាសហគ្រិន ការអភិវឌ្ឍប្រកបដោយចីរភាព និងការកសាងបណ្តាញកិច្ចសហប្រតិបត្តិការរវាងយុវជននៅជុំវិញពិភពលោក៕