វៀតណាម៖ ចាប់ពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ តទៅ រដ្ឋាភិបាលវៀតណាមនឹងដាក់ពិន័យជាប្រាក់ពី ១៥ លានដុង (ប្រមាណ ៥៧០ ដុល្លារ) ដល់ ៣០ លានដុង (ប្រមាណ ១១៤០ ដុល្លារ) ដល់អ្នកប្រព្រឹត្តអំពើបៀតបៀនផ្លូវភេទនៅកន្លែងការងារ ប្រសិនបើអំពើនេះមិនទាន់ដល់កម្រិតត្រូវចោទប្រកាន់តាមផ្លូវព្រហ្មទណ្ឌ។ បន្ថែមពីលើការពិន័យជាប្រាក់ ជនល្មើសក៏អាចត្រូវបានតម្រូវឱ្យធ្វើការសុំទោសជាសាធារណៈនៅកន្លែងរស់នៅ កន្លែងធ្វើការ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយ លើកលែងតែមានសំណើជាលាយលក្ខណ៍អក្សរពីជនរងគ្រោះមិនចង់ឱ្យធ្វើបែបនេះ។
យោងតាមការចុះផ្សាយរបស់កាសែត Tuoi Tre News ច្បាប់ថ្មីនេះបានពង្រីកនិយមន័យនៃការបៀតបៀនផ្លូវភេទឱ្យកាន់តែទូលំទូលាយ ដែលរួមមានទាំងទម្រង់រាងកាយ ពាក្យសម្តី និងមិនមែនពាក្យសម្តី ព្រមទាំងកំណត់និយមន័យកន្លែងការងារយ៉ាងទូលាយ រួមទាំងទីកន្លែងបំពេញការងារ និងទីកន្លែងផ្សេងទៀតដែលពាក់ព័ន្ធនឹងការងារផងដែរ។
ក្រោមច្បាប់នេះ និយោជកដែលមានបុគ្គលិកចាប់ពី ១០ នាក់ឡើងទៅ តម្រូវឱ្យមានបទបញ្ជាផ្ទៃក្នុងស្តីពីការការពារការបៀតបៀនផ្លូវភេទ។ បុគ្គលិកដែលរងគ្រោះមានសិទ្ធិបញ្ចប់កិច្ចសន្យាការងារដោយឯកតោភាគីដោយមិនចាំបាច់ជូនដំណឹងមុន ខណៈដែលជនប្រព្រឹត្តអាចប្រឈមមុខនឹងការបណ្តេញចេញពីការងារ។
ក្រៅពីបទល្មើសខាងលើ ច្បាប់នេះក៏បានកំណត់ការពិន័យរដ្ឋបាលលើការរំលោភបំពានផ្សេងៗទៀតលើច្បាប់ការងារ ដូចជាការឃាត់ទុកឯកសារអត្តសញ្ញាណដើម ការរើសអើងក្នុងការងារ និងការប្រើប្រាស់ទិន្នន័យទីផ្សារការងារដោយខុសច្បាប់ជាដើម៕