ប៉េរូ៖ យន្តហោះទេសចរណ៍មួយគ្រឿងដែលដឹកភ្ញៀវទេសចរបរទេសដើម្បីមើលតំបន់ប្រវត្តិសាស្រ្ត Nazca Lines ដ៏ល្បីល្បាញរបស់ប្រទេសប៉េរូ បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើងកាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្សទាំងអស់ប្រមាណ ១៣ នាក់នៅលើយន្តហោះ។ យោងតាមទីភ្នាក់ងារ AFP យន្តហោះ Cessna 208 Caravan បានចេញដំណើរពីអាកាសយានដ្ឋាន Pisco ចម្ងាយប្រហែល ២៤០ គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងលីម៉ា នៅម៉ោងប្រហែល ១:០០ រសៀល ម៉ោងក្នុងស្រុក មុនពេលធ្លាក់ក្នុងតំបន់ Nazca។ ប៉ូលីសបានបញ្ជាក់ថា ការធ្លាក់យន្តហោះនេះបានឆក់យកជីវិតអ្នកដំណើរ ១១ នាក់ និងសមាជិកនាវិកពីរនាក់ ដោយគ្មានអ្នកនៅរស់រានមានជីវិតឡើយ។
បើតាមការបញ្ជាក់របស់ប៉ូលីសក្នុងតំបន់ជនរងគ្រោះរួមមានជនជាតិអ៊ីតាលី ៧ នាក់ អាល្លឺម៉ង់ ២ នាក់ និងអេស្ប៉ាញ ២ នាក់ រួមជាមួយសមាជិកនាវិកប៉េរូ ២ នាក់។ អាជ្ញាធរបាននិយាយថា អ្នកដែលនៅលើយន្តហោះមានអាយុចាប់ពី ២៤ ដល់ ៧៨ ឆ្នាំ។ ប៉ូលីសបន្ថែមទៀតថា ក្រុមជួយសង្គ្រោះបានរកឃើញសាកសពដែលឆេះចេញពីគំនរបាក់បែកពេញមួយយប់ ហើយបានបញ្ជូនពួកគេទៅកាន់សាលតម្កល់សពក្នុងតំបន់។
អ្នកឆ្លើយតបសង្គ្រោះបន្ទាន់ រួមទាំងអ្នកពន្លត់អគ្គីភ័យ និងក្រុមកោសល្យវិច្ច័យ បានធ្វើការរុករកបំណែកបាក់បែកបន្ថែមទៀត ហើយការស៊ើបអង្កេតបានចាប់ផ្តើមពិនិត្យមើលមូលហេតុនៃគ្រោះថ្នាក់មួយនេះ៕