វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសកាលពីថ្ងៃទី ២ ខែ សីហាថា ក្រសួងបានស្នើផែនការអប់រំ និងបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋវៀតណាមចាប់ពីអាយុ ៤០ ឆ្នាំឡើងទៅ ឱ្យចេះរៀបចំខ្លួនទាំងសុខភាព ហិរញ្ញវត្ថុ និងជីវិតរស់នៅឱ្យបានល្អមុនពេលចូលនិវត្តន៍។ ក្រសួងសុខាភិបាលវៀតណាម ក៏កំពុងស្វែងរកមតិយោបល់លើសេចក្តីព្រាងកម្មវិធីគោលដៅជាតិ ឆ្នាំ ២០២៦-២០៣០ ដើម្បីសម្របខ្លួនទៅនឹងការកើនឡើងនៃមនុស្សវ័យចំណាស់។ ផ្អែកលើស្តង់ដារអន្តរជាតិ វៀតណាមត្រូវបានគេរំពឹងថានឹងផ្លាស់ប្តូរទៅជាសង្គមវ័យចំណាស់នៅឆ្នាំ ២០៣៤ ដែលពេលនោះអ្នកមានអាយុ ៦៥ ឆ្នាំឡើងទៅនឹងមានចំនួន ១៤ ភាគរយនៃចំនួនប្រជាជនសរុប ដែលតម្រូវឱ្យមានការត្រៀមលក្ខណៈឆ្លើយតបយ៉ាងបន្ទាន់។
យោងតាមការចេញផ្សាយរបស់កាសែត Tuoi Tre News ក្រសួងវៀតណាម មានផែនការបង្កើតសម្ភារៈអប់រំ និងផ្តល់ការណែនាំដើម្បីបំពាក់បំប៉នដល់អ្នកដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ ឱ្យមានចំណេះដឹង និងជំនាញក្នុងការថែទាំសុខភាព ការរស់នៅបែបសុខភាពល្អ រក្សាមាំមួនរាងកាយ ការមើលថែសមាជិកគ្រួសារចាស់ជរា និងការត្រៀមលក្ខណៈផ្នែកហិរញ្ញវត្ថុ ព្រមទាំងការរៀបចំការងារសមស្របមុនពេលចូលនិវត្តន៍ ក្នុងគោលដៅគឺផ្តោតលើជនគ្រប់រូបដែលមានអាយុក្រោម ៦០ ឆ្នាំ។
ដើម្បីអនុវត្តកម្មវិធីនេះ អាជ្ញាធរវៀតណាម នឹងធ្វើការវាយតម្លៃពីតម្រូវការពលរដ្ឋ មុននឹងចងក្រងឯកសារណែនាំ ចែកចាយដល់រដ្ឋបាលមូលដ្ឋាន ព្រមទាំងមានវគ្គបណ្តុះបណ្តាលដល់មន្ត្រីសុខាភិបាល និងប្រជាសាស្ត្រដើម្បីពង្រឹងសមត្ថភាពផ្តល់ប្រឹក្សា។ សម្ភារៈទាំងនោះនឹងត្រូវផ្សព្វផ្សាយតាមរយៈក្លឹបសហគមន៍សម្រាប់មនុស្សចាស់ សកម្មភាពវប្បធម៌មូលដ្ឋាន និងយុទ្ធនាការលើកកម្ពស់ការយល់ដឹងជាសាធារណៈតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។
យោងតាមការប៉ាន់ប្រមាណជាផ្លូវការ ប្រទេសវៀតណាមមានប្រជាពលរដ្ឋដែលមានអាយុ ៦០ ឆ្នាំឡើងទៅប្រមាណ ១៤.២ លាននាក់ក្នុងឆ្នាំ ២០២៤ ដែលរំពឹងថានឹងកើនឡើងដល់ ២០.៩ លាននាក់នៅឆ្នាំ ២០៣៤, ២៧.៥ លាននាក់នៅឆ្នាំ ២០៤៤ និង ៣៨.៥ លាននាក់នៅឆ្នាំ ២០៧៤។ ជាពិសេស ប្រជាជនដែលមានអាយុ ៨០ ឆ្នាំឡើងទៅនឹងមានកំណើនលឿនជាងគេ ដែលទាមទារសេវាថែទាំសុខភាព និងសង្គមកាន់តែខ្លាំង៕