ម៉ាឌូរ៉ា៖ ឆេះកប៉ាល់មួយគ្រឿងនៅប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃ អាទិត្យ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥នាក់ស្លាប់ និង ៤១ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីកប៉ាល់ (Ferry) ឥណ្ឌូណេស៊ីមួយគ្រឿង ដឹកអ្នកដំណើរសរុបប្រមាណ ២៥០ នាក់ បានឆេះក្នុងដំណើរឆ្ពោះទៅកាន់កោះម៉ាឌូរ៉ា ស្ថិតនៅភាគឦសាននៃឆ្នេរសមុទ្រកោះជ្វា (Java) ។
យោងតាមទីភ្នាក់ងារស្វែងរក និងសង្គ្រោះជាតិឥណ្ឌូណេស៊ី (Basarnas) កប៉ាល់ដឹកអ្នកដំណើរដែលមានឈ្មោះថា KMP Mutiara Sentosa 2 បានឆេះនៅឯនាយកោះម៉ាឌូរ៉ា ខណៈពេលកំពុងធ្វើដំណើរពីទីក្រុងស៊ូរ៉ាបាយ៉ា ទៅកាន់ទីក្រុងម៉ាកាសា។ គ្រោះថ្នាក់អគ្គិភ័យនេះ បានកើតឡើងនៅចន្លោះម៉ោង ៦ និងម៉ោង ៧ព្រឹកកាលពីថ្ងៃអាទិត្យ ស្ថានភាពនៅលើនាវាពេញដោយភាពច្របូកច្របល់ និងមានអណ្តាតភ្លើង បានហុយជាខ្លាំង។
វីដេអូឃ្លីបមួយដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម បង្ហាញពីសភាពកប៉ាល់ឆាបឆេះយ៉ាងសន្ធោសន្ធៅ និងមានផ្សែងហុយហ៊ុមព័ទ្ធ ដោយអ្នកដំណើរខ្លះពាក់អាវពោងតោងក្បាលកប៉ាល់រង់ចាំការសង្គ្រោះ ខ្លះទៀតលោតចុះក្នុងសមុទ្រ និងប្រើប្រាស់ពោងសុវត្ថិភាព មុនពេលត្រូវបានក្រុមការងារសង្គ្រោះយកឡើងលើនាវាសង្រ្គោះដោយសុវត្ថិភាព។ បច្ចុប្បន្ន មន្រ្តីជំនាញ កំពុងធ្វើការស៊ើបអង្កេតរកមូលហេតុនៃសោកនាដកម្មនេះ៕