Swift cc time

ជនជាតិថៃ ២នាក់ ត្រូវចាប់ខ្លួន ពីបទ«ប្លន់សម្លាប់»បងប្អូនជនជាតិរុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ ជនសង្ស័យជនជាតិថៃពីរនាក់ កាលពីថ្ងៃទី៣១ ខែកក្កដា បានសារភាពប្រាប់សមត្ថកិច្ចថៃថា ពួកគេបានសម្លាប់បងប្អូនបង្កើតជនជាតិរុស្ស៊ី ២នាក់ ដើម្បីប្លន់យកម៉ូតូមួយគ្រឿង។ បច្ចុប្បន្ន ប៉ូលិសថៃ បាននាំខ្លួនពួកគេទៅចង្អុលបង្ហាញទីតាំងកប់សពនៅក្នុងខេត្ត Chonburi ដើម្បីគាស់កាយយកមកធ្វើកោសល្យវិច័យ។

យោងតាមការចុះផ្សាយរបស់កាសែតខាវស៊ត សំណុំរឿងឃាតកម្មដ៏រន្ធត់នេះ បានកើតឡើងបន្ទាប់ពីបងប្អូនជនជាតិរុស្ស៊ីទាំងពីរនាក់បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង ជាមួយនឹងម៉ូតូម៉ាក Honda ADV 150 របស់ពួកគេ។ ក្រោយមក ប៉ូលិសថៃ បានស្រាវជ្រាវរកឃើញម៉ូតូនោះត្រូវបានគេរុះរើបំបែកបំណែកកប់ចោលក្នុងដី ដែលជាតម្រុយឈានទៅដល់ការកំណត់មុខសញ្ញាជនសង្ស័យ ២នាក់ មានឈ្មោះថា Pong និង Thong។

ជាការឆ្លើយតប កម្លាំងស៊ើបអង្កេតថៃ កាលពីថ្ងៃ៣១ កក្កដា បានតាមស្ទាក់ចាប់ខ្លួនជនសង្ស័យឈ្មោះ Thanana អាយុ ៤៣ឆ្នាំ (ហៅ Pong) និងឈ្មោះ Thongchai អាយុ ៣៩ឆ្នាំ (ហៅ Thong) នៅក្នុងស្រុក Wang Sombun ខេត្តស្រះកែវ (Sa Kaeo) ខណៈពេលដែលពួកគេកំពុងព្យាយាមរត់គេចខ្លួន។

តាមចម្លើយសារភាព ជនសង្ស័យបានឱ្យដឹងថា ពួកគេមានបំណងធ្វើសកម្មភាពប្លន់យកម៉ូតូ ប៉ុន្តែត្រូវបានជនរងគ្រោះប្រកែកតវ៉ា និងព្យាយាមរត់គេច។ដូច្នេះ ពួកគេក៏បានបាញ់ប្រហារលើប្អូនប្រុសជនរងគ្រោះ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង ហើយបានបន្តវាយតប់លើបងស្រីរបស់គេ រហូតដល់បាត់បង់ជីវិតទាំងពីរនាក់។

ក្រោយកើតហេតុ ជនសង្ស័យបានដឹកសពជនរងគ្រោះទាំងពីរទៅកាន់តំបន់ Khao Chi Chan ក្នុងខេត្តChonburi រួចកប់ចោលដើម្បីបំបាត់ភស្តុតាង ព្រមទាំងបានរុះរើម៉ូតូយកទៅកប់ចោលក្នុងតំបន់នោះ មុនពេលរត់គេចខ្លួនមកកាន់ខេត្តស្រះកែវ។

បច្ចុប្បន្ន អាជ្ញាធរប៉ូលិសថៃ បាននាំខ្លួនជនសង្ស័យទាំងពីរទៅកាន់ទីតាំងកើតហេតុនៅជិតតំបន់ Khao Chi Chan ដើម្បីធ្វើកោសល្យវិច័យទីតាំងកប់សព និងកំពុងបន្តនីតិវិធីចាត់ការតាមផ្លូវច្បាប់យ៉ាងម៉ឹងម៉ាត់៕

Khcct banner

អត្ថបទទាក់ទង