ចិន៖ បន្ទាប់ពីបានទៅដល់ស្ថានីយអវកាស Tiangong អស់រយៈពេលជាងពីរខែ ក្រុមអវកាសយានិកចិនចំនួន ៣រូប នៃបេសកកម្ម Shenzhou-23 រួមមានលោក Zhu Yangzhu, លោក Zhang Zhiyuan និងលោកស្រី Lai Ka-ying សម្រេចបានវឌ្ឍនភាពយ៉ាងលេចធ្លោលើការពិសោធវិទ្យាសាស្ត្រ។ ក្នុងនោះ ពួកគាត់បានប្រមូលផល «ស្រូវគំរូ» ជំហានដំបូងដោយជោគជ័យ ដែលជាផ្នែកមួយនៃការសិក្សាដំបូងបង្អស់លើការដាំដុះស្រូវបន្តវេនគ្នាពីរជំនាន់ «ពីគ្រាប់ពូជ ទៅជាគ្រាប់ពូជ» ក្នុងលក្ខខណ្ឌទំនាញផែនដីទាប (Microgravity) ដើម្បីពិនិត្យមើលស្ថិរភាពពូជរបស់រុក្ខជាតិ។
យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ក្រៅពីការងារកសិកម្មអវកាស ក្រុមការងារក៏បានធ្វើការពិសោធន៍យ៉ាងសកម្មលើវិស័យវេជ្ជសាស្ត្រ ដោយប្រើប្រាស់ឧបករណ៍អេកូសាស្ត្រ (Ultrasound) ពិនិត្យសរសៃឈាមអាទែរ ដើម្បីសិក្សាពីលំហូរឈាម និងចលនាបេះដូង។ ពួកគាត់បានកែសម្រួលប្រព័ន្ធពន្លឺក្នុងកាប៊ីន ដើម្បីសិក្សាពីឥទ្ធិពលនៃពន្លឺលើផ្លូវចិត្ត និងប្រសិទ្ធភាពការងារ ព្រមទាំងបានបញ្ចប់វគ្គហ្វឹកហ្វឺនសមយុទ្ធជម្លៀសខ្លួនអាសន្ន ករណីមានអគ្គិភ័យកើតឡើងក្នុងតារាវិថី។
ចំពោះការថែទាំសុខភាពប្រចាំថ្ងៃ ក្រុមអវកាសយានិកបានពិនិត្យរាងកាយយ៉ាងដិតដល់ ដូចជាការវាស់ចលនាបេះដូង (ECG) ពិនិត្យភ្នែក និងប្រើប្រាស់ «ឧបករណ៍វាស់ម៉ាសរាងកាយក្នុងអវកាស» ដើម្បីតាមដានការប្រែប្រួលជីវសាស្ត្រក្នុងលក្ខខណ្ឌគ្មានទម្ងន់។ បន្ថែមពីនេះ ពួកគាត់បានរក្សាសុខភាពរាងកាយឱ្យនៅរឹងមាំ ដោយការហាត់ប្រាណជាប្រចាំលើម៉ាស៊ីនរត់ និងឧបករណ៍កីឡាផ្សេងៗនៅក្នុងស្ថានីយអវកាស៕