Swift cc time

ជប៉ុន បញ្ជូនខ្លួនលោក Hu Xiaowei «មនុស្សស្និទ្ធ ចេន ហ្ស៊ី» ទៅអាម៉េរិក ក្រោយបដិសេធមិនទៅចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ជប៉ុន៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន លោក Hu Xiaowei ជនជាតិចិន ដែលត្រូវបានគេស្គាល់ថាជាមនុស្សស្និទ្ធនឹងលោក ចេន ហ្ស៊ី (Chen Zhi) និងមានទំនាក់ទំនងជាមួយក្រុមហ៊ុន Prince Group ត្រូវបានអាជ្ញាធរជប៉ុនធ្វើបត្យាប័ន (បញ្ជូនខ្លួន) ទៅកាន់សហរដ្ឋអាម៉េរិក បន្ទាប់ពីរូបលោកត្រូវបានចាប់ខ្លួនពីបទផ្តល់ព័ត៌មានអាសយដ្ឋានមិនពិត និងប្រើប្រាស់ប័ណ្ណស្នាក់នៅដោយខុសច្បាប់។ចំពោះមូលហេតុនៃការសម្រេចមិនបញ្ជូនរូបលោកទៅប្រទេសចិន គឺដោយសារសាម៉ីខ្លួនបានសម្តែងការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន និងបានស្នើសុំមិនចង់ត្រឡប់ទៅវិញ៕

សារព័ត៌មានជប៉ុនបានរាយការណ៍បន្ថែមថា លោក Hu Xiaowei ក៏ស្ថិតនៅក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក ប៉ុន្តែរូបលោកបានបដិសេធរាល់ការចោទប្រកាន់ទាំងអស់។

តាមរបាយការណ៍ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងរតនាគារសហរដ្ឋអាម៉េរិក តាមរយៈការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) បានប្រកាសដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៩នាក់ និងអង្គភាពចំនួន ២៦ ដែលត្រូវបានចោទប្រកាន់ថាមានពាក់ព័ន្ធនឹងបណ្តាញឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Online Scams)។

ក្នុងចំណោមបុគ្គលទាំងនោះ មានឈ្មោះលោក Hu Xiaowei ដែល OFAC អះអាងថា ជា «មេបញ្ជាការលំដាប់ទី២» និងជាមនុស្សជំនិតជិតស្និទ្ធរបស់លោក Chen Zhi។ សេចក្តីប្រកាសរបស់ OFAC បានគូសបញ្ជាក់ថា លោក Hu Xiaowei បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅបរទេស និងគ្រប់គ្រងបណ្តាញអាជីវកម្មដែលពាក់ព័ន្ធនឹងការលាងលុយកខ្វក់។

គួរបញ្ជាក់ថា តាមរយៈវិធានការទណ្ឌកម្មនេះ សហរដ្ឋអាម៉េរិកក៏បានបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ធនាគារ និងសណ្ឋាគារមួយចំនួនដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា និងថៃ៕

Khcct banner

អត្ថបទទាក់ទង