ហ្សាការតា៖ អាជ្ញាធរឥណ្ឌូនេស៊ីបានប្រកាសកាលពីថ្ងៃសុក្រថា ពួកគេបានចាប់ខ្លួនអ្នកបើកយន្តហោះម៉ាឡេស៊ីម្នាក់ក្រោមបទចោទប្រកាន់ពីបទរត់ពន្ធថ្នាំញៀនអេកស្តាស៊ីជាង ២៦ គីឡូក្រាម (៥៧ ផោន) និងថ្នាំញៀនមេតំហ្វេតាមីនបន្ទាប់ពីរូបគេបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិហ្សាការតា។លោក Eko Hadi Santoso នាយកផ្នែកឧក្រិដ្ឋកម្មគ្រឿងញៀននៅទីភ្នាក់ងារស៊ើបអង្កេតព្រហ្មទណ្ឌប៉ូលីសជាតិបញ្ជាក់ថា ជនជាតិម៉ាឡេស៊ីអាយុ ៣៩ ឆ្នាំរូបនេះ ដែលត្រូវបានគេស្គាល់អត្តសញ្ញាណដោយឈ្មោះកាត់ថា MS ត្រូវបានចោទប្រកាន់ថាកំពុងបំពេញការងារស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងញៀន។
ប៉ូលីសឥណ្ឌូនេស៊ីអះអាងទៀតថាករណីនេះត្រូវបានរកឃើញនៅយប់ថ្ងៃអង្គារ នៅពេលដែលមន្ត្រីគយកំពុងត្រួតពិនិត្យឥវ៉ាន់នៅស្ថានីយមកដល់អន្តរជាតិនៃអាកាសយានដ្ឋាន Soekarno-Hatta ហ្សាការតា បានកត់សម្គាល់ឃើញវ៉ាលីគួរឱ្យសង្ស័យរបស់អ្នកបើកយន្តហោះរូបនេះពេលត្រួតពិនិត្យកាំរស្មីអ៊ិច ក្រោយមកវ៉ាលីនេះត្រូវបានយកដោយជនសង្ស័យនៅពេលក្រោយ ដែលប៉ូលីសបានកំណត់អត្តសញ្ញាណថាជាអ្នកបើកយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីនៅលើជើងហោះហើរ MH727 ពីទីក្រុងគូឡាឡាំពួរទៅកាន់ទីក្រុងហ្សាការតា។
ប៉ូលីសបានបន្ថែមទៀតថា មន្ត្រីគយបាននាំអ្នកបើកយន្តហោះ និងវ៉ាលីទៅបន្ទប់ត្រួតពិនិត្យគយសម្រាប់ការពិនិត្យបន្ថែម ហើយប៉ូលីសបានរកឃើញកញ្ចប់ធំៗចំនួន ១៤ ដែលមានផ្ទុកថ្នាំញៀនអេកស្តាស៊ីជាង ៧០,០០០ គ្រាប់ ដែលមានទម្ងន់សរុបប្រហែល ២៦ គីឡូក្រាម (57 ផោន) រួមជាមួយនឹងកញ្ចប់ថ្នាំមេតំហ្វេតាមីនដាច់ដោយឡែកមួយ។
ក្នុងអំឡុងពេលសួរចម្លើយលោក MS សារភាពថាលោកត្រូវបានមនុស្សម្នាក់ទៀតណែនាំឱ្យដឹកជញ្ជូនអេកស្តាស៊ីទៅកាន់ទីក្រុងហ្សាកាតាជាថ្នូរនឹងប្រាក់ ៥០,០០០រីងហ្គីតម៉ាឡេស៊ី (ប្រហែល ១១,៧០០ ដុល្លារ)។ អ្នកបើកយន្តហោះត្រូវបានគេប្រាប់ទៀតថា បន្ទាប់ពីមកដល់ទីក្រុងហ្សាកាតា លោកនឹងទទួលបានការណែនាំបន្ថែមពីមនុស្សម្នាក់ដែលនៅម៉ាឡេស៊ីស្រាប់ ហើយគ្រឿងញៀននឹងត្រូវបានទៅយកពីសណ្ឋាគាររបស់លោកដោយមនុស្សម្នាក់ទៀត។
ប៉ូលីសបញ្ជាក់ទៀតថា អ្នកបើកយន្តហោះបានសារភាពថាធ្លាប់ដឹកជញ្ជូនគ្រឿងញៀនពីរដងរួចមកហើយ។ លោកបានប្រាប់អ្នកស៊ើបអង្កេតថា លោកធ្លាប់បានដឹកជញ្ជូនថ្នាំមេតំហ្វេតាមីនទៅកាន់រដ្ឋ Sabah ប្រទេសម៉ាឡេស៊ី ហើយក្រោយមកបានដឹកជញ្ជូនថ្នាំមេតំហ្វេតាមីនចំនួន ៧ គីឡូក្រាម (១៥ ផោន) ទៅកាន់ទីក្រុងហ្សាកាតា។ ការដឹកជញ្ជូនចុងក្រោយបំផុតនៅថ្ងៃអង្គារត្រូវបានស្ទាក់ចាប់មុនពេលជោគជ័យ ដោយការធ្វើតេស្តគ្រឿងញៀនដែលធ្វើឡើងចំពោះជនសង្ស័យបានបង្ហាញលទ្ធផលវិជ្ជមានសម្រាប់ថ្នាំមេតំហ្វេតាមីន អេកស្តាស៊ី និងកូកាអ៊ីន។
អ្នកបើកយន្តហោះកំពុងត្រូវបានស៊ើបអង្កេតក្រោមច្បាប់គ្រឿងញៀនរបស់ប្រទេសឥណ្ឌូនេស៊ី ដែលមានទោសធ្ងន់ធ្ងរចំពោះការជួញដូរគ្រឿងញៀនខុសច្បាប់ក្នុងបរិមាណច្រើន រួមទាំងលទ្ធភាពនៃការកាត់ទោសប្រហារជីវិត។ ប៉ូលីសមិនបានបញ្ជាក់ថាតើជនសង្ស័យមានតំណាងផ្នែកច្បាប់ឬអត់នោះទេ។ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីបាននិយាយថា ខ្លួនកំពុងសហការជាមួយអាជ្ញាធរ និងបានចាប់ផ្តើមការពិនិត្យឡើងវិញនៃហេតុការណ៍នេះ៕