Swift cc time

អ្នករាយការណ៍ពិសេស UN ជំរុញឱ្យកម្ពុជានិងថៃ ដោះស្រាយរឿងព្រំដែនជាបន្ទាន់ ដើម្បីបើកផ្លូវឱ្យពលរដ្ឋកម្ពុជាបានវិលចូលផ្ទះសម្បែងឡើងវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ភ្នំពេញ៖ លោក Tom Andrews អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានថ្លែងជំរុញឱ្យប្រទេសកម្ពុជា និងថៃ ពន្លឿនការចរចាដោះស្រាយបញ្ហាព្រំដែនឱ្យបានឆាប់រហ័ស ដើម្បីអំណោយផលដល់ជនស៊ីវិលកម្ពុជារាប់ពាន់នាក់ បានវិលចូលផ្ទះសម្បែងរបស់ពួកគេវិញដោយគ្មានភាពភ័យខ្លាច។ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ក្រោយលោកបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជានៅថ្ងៃនេះ។

ឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ស៊ីស៊ីថាមស៍ លោក Tom Andrews បានថ្លែងអរគុណរាជរដ្ឋាភិបាល និងអាជ្ញាធរកម្ពុជា ដែលបានឱ្យលោកបានចុះទៅទស្សនកិច្ចនៅតាមព្រំដែនខ្មែរ-ថៃ និង បានចុះសួរសុខទុក្ខពលរដ្ឋកម្ពុជានៅជំរំជនភៀសសឹក។

លោក Andrews បានមានប្រសាសន៍ថា៖ «វាគឺជាគោលការណ៍ច្បាប់អន្តរជាតិដែលថា អ្នកដែលត្រូវបានជម្លៀសចេញពីលំនៅឋានដោយសារជម្លោះប្រដាប់អាវុធ មានសិទ្ធិវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ។ វាជារឿងចាំបាច់ណាស់ដែលប្រទេសថៃ និងកម្ពុជា ត្រូវសហការគ្នា ដើម្បីពន្លឿនការវិលត្រឡប់របស់ជនស៊ីវិលដែលត្រូវបានជម្លៀសចេញទាំងនោះ។ ពួកគេត្រូវការ និងសមនឹងទទួលបានការវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ»៕

Khcct banner

អត្ថបទទាក់ទង