អាម៉េរិក៖ មនុស្សប្រមាណ ៣ នាក់បានស្លាប់ និង ២ នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីឧទ្ធម្ភាគចក្រព័ត៌មានមួយគ្រឿងបានធ្លាក់នៅតំបន់ជាយក្រុងឡូសអាន់ជេឡេស។ ស្ថានីយទូរទស្សន៍ NBC Los Angeles បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រនោះគឺជាឧទ្ធម្ភាគចក្រ "NewsChopper4" របស់ខ្លួន ដែលប្រើប្រាស់សម្រាប់ផ្តិតយកព័ត៌មាននាៗក្នុងតំបន់ ហើយវាបានស្ថិតនៅក្នុងតំបន់នោះកាលពីថ្ងៃអង្គារ ដើម្បីរាយការណ៍អំពីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងដ៏ធ្ងន់ធ្ងរមួយ។ អ្នកនាំពាក្យរបស់នាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុង Los Angeles (LAFD) បានប្រាប់ BBC ថា ឧទ្ធម្ភាគចក្រនោះបានធ្លាក់នៅចន្លោះអគារពាណិជ្ជកម្មចំនួនពីរ ក្នុងតំបន់ Chatsworth នៅមុនម៉ោង ១៩:០០ ម៉ោងក្នុងតំបន់។
នាយកដ្ឋានប៉ូលិសទីក្រុង Los Angeles (LAPD) បានបញ្ជាក់ទៀតថាអគ្គិភ័យដែលបង្កឡើងដោយការធ្លាក់នោះបានរាលដាលទៅលើរថយន្តចំនួន ៤ គ្រឿង និងកុងតឺន័រសម្រាប់ស្តុកទំនិញចំនួន ២ ហើយកម្លាំងពន្លត់អគ្គិភ័យជាង ៧០ នាក់ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។ ភ្លាមៗមន្រ្តីជំនាញកំពុងតែស្វែងរកមូលហេតុពិតប្រាកដនៃការធ្លាក់ឧទ្ធម្ភាគចក្រមួយនេះ៕