អាម៉េរិក៖ ប្រធានក្រុមសន្តិភាពលោក ដូណាល់ត្រាំ បានប្រកាសតាមបណ្តាញសង្គម Trust Social ថាថ្ងៃនេះ ក្រុមប្រឹក្សាសន្តិភាពបានឈានដល់កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រមួយសម្រាប់ការរំសាយអាវុធទាំងស្រុងរបស់ក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធផ្សេងទៀតទាំងអស់នៅក្នុងតំបន់ហ្គាហ្សាហើយនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកសន្តិភាព និងសន្តិសុខយូរអង្វែង។
បើតាមលោក ដូណាល់ត្រាំ កិច្ចព្រមព្រៀងនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកតំបន់ហ្គាហ្សាដែលនឹងត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលប៉ាឡេស្ទីនថ្មី ដែលនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាសន្តិភាព ដើម្បីជួយប្រជាជនប៉ាឡេស្ទីនពីការគំរាមគំហែងរបស់ក្រុមហាម៉ាស់។លោកថាក្នុងពេលជាមួយគ្នានេះ អ៊ីស្រាអែលនឹងទទួលបានសន្តិសុខដែលខ្លួនសមនឹងទទួលបាន ដោយតំបន់ហ្គាហ្សាលែងត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការវាយប្រហារភេរវកម្មទៀតហើយ។
សម្រាប់លោកត្រាំ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអនុវត្តផែនការ ២០ ចំណុចរបស់លោក ដែលធ្លាប់បានចុះហត្ថលេខាងកន្លងមក ហើយកិច្ចព្រមព្រៀងនេះនឹងត្រូវបានអនុវត្តជាដំណាក់កាលហើយ នៅពេលដែលការរំសាយអាវុធត្រូវបានបញ្ចប់ កងកម្លាំងអ៊ីស្រាអែលនឹងដកថយ ហើយកងកម្លាំងស្ថេរភាពអន្តរជាតិនឹងធ្វើការជាមួយកងកម្លាំងប៉ូលីសប៉ាឡេស្ទីនថ្មី ដើម្បីទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់តំបន់ហ្គាហ្សាសម្រាប់ប្រជាជន និងប្រទេសក្បែរខាង។
លោកថ្លែងអំណរគុណដល់អ្នកសម្របសម្រួលរួមមានអេហ្ស៊ីប កាតា និងតួកគី ចំពោះកិច្ចខិតខំប្រឹងប្រែងមួយនេះ និងជាពិសេសក្រុមការងាររបស់លោកដែលធ្វើរឿងនេះបានជាប្រវត្តិសាស្ត្រនេះ៕