Swift cc time

យុវជន ខន ភក្តី អតីតសិស្សនិទ្ទេសA រៀន«ជំនាញអេឡិចត្រូនិច» នៅNPIC ព្រោះមើលឃើញឱកាសការងារខ្ពស់

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
 

ភ្នំពេញ៖​ អតីតសិស្សនិទ្ទេស A ខន ភក្ដី ជ្រើសរើសសិក្សាជំនាញអេឡិចត្រូនិក អាហារូបករណ៍ ១០០%   នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ​ ព្រោះមើលឃើញឱកាសការងារខ្ពស់ ស្របនឹងចំណង់ចំណូលចិត្ត និងអាចកសាងអាជីពបាន​លឿន។ យុវជនរូបនេះ យល់ឃើញថា អាហារូបករណ៍នេះមិនត្រឹមតែជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចិត្ត និងធ្វើឱ្យក្រុមគ្រួសារមានមោទនភាពចំពោះសមិទ្ធផលរបស់ខ្លួន។

ភក្តីបានលើកឡើងថា៖ «ខ្ញុំជ្រើសរើសជំនាញអេឡិចត្រូនិក ព្រោះជាជំនាញដែលខ្ញុំចូលចិត្ត ហើយខ្ញុំមើលឃើញថា មានទីផ្សារការងារធំទូលាយ។ ពេលរៀនចប់ យើងមានឱកាសការងារខ្ពស់ និងអាចមានគោលដៅអាជីពច្បាស់លាស់ ដើម្បីជួយគ្រួសារបាន»។

បន្ថែមពីនេះ អតីតសិស្សនិទ្ទេស A រូបនេះបានកោតសរសើរថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) មានទីធ្លាធំទូលាយ បរិយាកាសល្អ អនាម័យ និងបរិស្ថានបៃតង បំពាក់ទៅដោយឧបករណ៍បច្ចេកទេសទំនើបៗ សម្រាប់សិស្ស-និស្សិតអនុវត្តផ្ទាល់ ធ្វើឱ្យរៀនឆាប់ចេះ ងាយយល់ ព្រោះគ្រូមានគុណភាព។

ភក្ដី បានអំពាវនាវដល់យុវជនកម្ពុជាងាកមកចាប់អារម្មណ៍សិក្សាជំនាញ TVET ព្រោះវាផ្តល់ទាំងចំណេះដឹង ជំនាញ ការអនុវត្តជាក់ស្តែង និងឱកាសការងារខ្ពស់។ លោកក៏បានលើកទឹកចិត្តឱ្យយុវជនហ៊ានដើរតាមក្តីស្រមៃ និងជ្រើសរើសជំនាញដែលសមស្របនឹងសមត្ថភាព និងចំណង់ចំណូលចិត្តរបស់ខ្លួន ដើម្បីកសាងអនាគតប្រកបដោយជោគជ័យ៕


Khcct banner

អត្ថបទទាក់ទង