
ភ្នំពេញ៖ក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោក កំពុងសហការជាមួយក្រុមឱសថស្ថានជាតិចិន និងក្រុមហ៊ុនចិនKexing ដើម្បីវាយតម្លៃការអភិវឌ្ឍរបស់ក្រុមហ៊ុនទាំងពីរក្នុងការផលិតវ៉ាក់សាំងកូវីដ-១៩ មុនឈានទៅសម្រេចដាក់បញ្ចូលនៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក។នេះបើតាមការលើកឡើងរបស់លោក Tedros Adhanom Ghebreyesus អគ្គនាយកនៃអង្គការសុខភាពពិភពលោក(WHO) បានបង្ហើបប្រាប់នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១១ មករា។
បច្ចុប្បន្នចិនមានវ៉ាក់សាំងប្រឆាំងកូវីដចំនួន៥ ដែលស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការធ្វើតេស្តសាកល្បង។ ក៏ប៉ុន្តែ ក្នុងចំណោមវ៉ាក់សាំងទាំងអស់គ្មានវ៉ាក់សាំងណាមួយទទួលបានការអនុញ្ញាតឲ្យប្រើជាផ្លូវការពីអង្គការសុខភាពពិភពលោកនោះទេ។ប៉ុន្តែកន្លងមកមានប្រទេសជាច្រើនបានសម្រេចទទួលយកវ៉ាក់សាំងថ្មីដែលផលិតឡើងដោយក្រុមហ៊ុនចិន ដើម្បីចាក់វ៉ាក់សាំងការពារប្រជាជនរបស់ពួកគេ។
សម្រាប់ប្រទេសកម្ពុជា មិនទាន់សម្រេចទិញវ៉ាក់សាំងពីប្រទេសណាមួយទេ ដោយរង់ចាំការសម្រេចពីអង្គការសុខភាពពិភពលោក(WHO)។នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន នៅល្ងាចថ្ងៃទី៧ ធ្នូនេះ បានថ្លែងពីការណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច ត្រៀមថវិការួចហើយ ដើម្បីទិញវ៉ាក់សាំងជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ប៉ុន្តែ សម្ដេចក៏មិនទាន់បានបញ្ជាក់ថា កម្ពុជានឹងទិញវ៉ាក់សាំងកូវីដពីប្រទេសណាមួយឡើយ ហើយជម្រើសក្នុងការជ្រើសរើសនេះ កម្ពុជាកំពុងស្ថិតក្នុងការស្រាវជ្រាវនៅឡើយទេ។
ប្រសិនបើវ៉ាក់សាំងចិនមានការទទួលស្គាល់ពី WHOកម្ពុជាអាចនឹងមានឱកាសច្រើនក្នុងការទទួលបានផលច្រើនពីវ៉ាក់សាំងនេះ។
នាពេលថ្មីៗនេះ មន្រ្តីស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាបានបញ្ចាក់ប្រាប់ស៊ីស៊ីថាមស៏ថា កម្ពុជាគឺជាមិត្តដែកថែបរបស់ប្រទេសចិន ហើយប្រទេសទាំងពីរបានចងជាសហគមន៍រួមវាសនាតែមួយ ហើយអំឡុងពេលរីករាលដាលជំងឺកូវីតនេះ ប្រទេសទាំងពីរបានធ្វើជាគំរូដល់សហគមន៍អន្តរជាតិក្នុងការសហការឆ្លើយតបនឹងការរីករាលដាលជំងឺកូវីត។ មន្រ្តីស្ថានទូតចិនបញ្ចាក់ប្រាប់ស៊ីស៊ីថាមស៏ពីគោលជំហររបស់រដ្ឋាភិបាលចិនដូច្នោះថា នៅពេលដែលវ៉ាក់សាំងដែលបង្កើតឡើងដោយប្រទេសចិនត្រូវបានអនុម័តអោយចែកចាយនៅលើទីផ្សារ នឹងផ្តល់អាទិភាពសំរាប់ប្រទេសកម្ពុជាជានិច្ច ហើយជំហរនេះមិនមានការផ្លាស់ប្តូរទេ។
មន្រ្តីស្ថានទូតចិនក៏បានបង្ហើបអោយដឹងថា ពេលនេះរដ្ឋាភិបាលកម្ពុជា និងស្ថានទូតចិនកំពុងបានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ដើម្បីអាចទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩(COVID-19)ដែលផលិតដោយប្រទេសចិន សម្រាប់យកមកប្រើប្រាស់នៅក្នុងប្រទេស។
កាលពីថ្ងៃទី៨ខែមករា ឆ្នាំ២០២១ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដឹកនាំកិច្ចប្រជុំលើកទី១ នៃក្រុមការងារអន្តរក្រសួងទទួលបន្ទុកការចរចា និង ការពិគ្រោះយោបល់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
ឯកឧត្តម វង្សី វិស្សុតប្រធាន ក្រុមការងារ ទទួល បន្ទុកការចរចានិងការពិគ្រោះយោបល់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានប្រសាសន៍ក្នុងកិច្ចប្រជុំថា ក្រុមការងារមានភារកិច្ចចរចា និង ពិគ្រោះយោបល់ជាមួយនឹងដៃគូអភិវឌ្ឍ ទាំងទ្វេភាគីនិងពហុភាគី ក្នុងការទិញវ៉ាក់សាំង ក្នុងទំហំសមល្មមទៅនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជាក្រោមទម្រង់ជំនួយឥតសំណង ឬក្រោមឥណទាសម្បទាន ឬ ក្រោមថវិកាសប្បុរសជន ឬ ថវិកាជាតិក្នុងតម្លៃសមរម្យ ព្រមទាំងកំណត់មុខសញ្ញាក្រុមហ៊ុនផលិតវ៉ាក់សាំង ដែលមានភាពសមស្របបំផុតទៅនឹងតម្រូវការ និងស្ថានភាព ជាក់ស្តែងរបស់កម្ពុជា និងត្រូវបានទទួលស្គាល់លើសុវត្ថិភាព ប្រសិទ្ធភាព និង គុណភាព ជាផ្លូវការពីអង្គការសុខភាពពិភពលោក (WHO)។
អង្គប្រជុំក៏បានពិភាក្សាផងដែរ ពាក់ព័ន្ធនឹងការកំណត់គោលការណ៍ទិញនិងបែងចែក ព្រមទាំងបរិមាណវ៉ាក់សាំង ទាំងសម្រាប់ការប្រើប្រាស់ក្នុងករណីបន្ទាន់ (emergency use) និងទាំងសម្រាប់ការប្រើប្រាស់ជាទូទៅ (general vaccine roll out)។