ភ្នំពេញ៖ សិស្សសាលាប៊ែលធីអន្តរជាតិ ឈ្នះជ័យលាភីលេខ១ ខណៈសិស្សវិទ្យាល័យ ដំដែក ខេត្តសៀមរាប បានជ័យលាភីលេខ២ ក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៦ វគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ៖ «មានតែចំណេះដឹងមិនគ្រប់គ្រាន់ទេ យុវជនសតវត្សទី២១ត្រូវចេះប្រើប្រាស់ចំណេះដឹង ដើម្បីកសាងកម្ពុជាទៅរកវិបុលភាព»។
យោងតាមគេហទំព័រក្រសួងអប់រំ កម្មវីធីប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី៣០ កក្កដា ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងឱកាសអបអរទិវាអន្តរជាតិសម្រាប់យុវជន ដែលប្រកួតរវាងសិស្សពីក្រុមគឺ ក្រុមស្រប មកពី វិទ្យាល័យ ដំដែក ខេត្តសៀមរាប និងក្រុមបដិសេធ មកពីសាលាប៊ែលធីអន្តរជាតិ រាជធានីភ្នំពេញ ។
មុននឹងឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ សិស្សទាំងពីរក្រុម បានឆ្លងកាត់នូវការប្រកួតយ៉ាងសម្រិតសម្រាងជាមួយបណ្តាសិស្សមកពីគ្រប់រាជធានីខេត្ត នៅក្នុងប្រទេសកម្ពុជា។ ក្នុងបទសម្ភាសជាមួយស៊ីស៊ីថាមស៍ ក្នុងឱកាសទិវាអន្តរជាតិសម្រាប់យុវជននេះ លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារ បានថ្លែងប្រាប់ថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ បានឆ្លុះបញ្ចាំងពីសន្ទុះនៃការចូលរួមរបស់យុវជនក្នុងការសាបព្រោះចំណេះដឹងតជំនាន់ ដោយសារតែអតីតបេក្ខជនដែលធ្លាប់បានប្រកួតកន្លងមក តែងចូលរួមចំណែកជាមួយនាយកដ្ឋានក្នុងការលើកកម្ពស់ចំណេះដឹងសិស្សប្អូនជំនាន់ក្រោយ តាមរយៈសកម្មភាពចម្រុះ រួមមានបង្វឹក ឬ ចូលរួមរៀបចំកម្មវិធីនេះជាដើម។
គួរបញ្ជាក់ថា «ទិវាអន្តរជាតិសម្រាប់យុវជន ក្នុងឆ្នាំ២០២៦នេះ ត្រូវបានរៀបចំឡើងក្រោមមូលបទ «បរិបទខុសគ្នា ក្តីប្រាថ្នារួមគ្នា»។ កម្ពុជាជ្រើសរើសរៀបចំរយៈពេលពីរថ្ងៃគឺ ២៩-៣០ កក្កដា ២០២៦ ដែលមានរួមបញ្ចូល កិច្ចពិភាក្សាលើប្រធានបទពីរ ការប្រកួតជជែកដេញដោលយុវជនថ្នាក់ជាតិ ព្រមទាំងការប្រកួតរវាងក្រុមប្រឹក្សាយុវជន៕