ជប៉ុន៖ រញ្ជួយដីដែលបានវាយប្រហារកោះ Kyushu របស់ជប៉ុនបានបណ្តាលឱ្យទីក្រុងធំៗជាច្រើនរងការប៉ះពាល់ក្នុងនោះរួមមានផ្សារទំនើប Aeon Mall ដ៏ធំមួយដែលទើបតែដាក់ឲ្យដំណើរការបានរងការបំផ្លិចបំផ្លាញរួមជាមួយនឹងផ្លូវ ស្ពាន និងអគារជាច្រើនកន្លែង។ គិតត្រឹមព្រឹក ថ្ងៃសុក្រ នេះចំនួនអ្នកស្លាប់បានកើនដល់ ៣៤ នាក់ ដោយក្រុមអ្នកសង្គ្រោះបន្ទាន់ជប៉ុននៅតែបន្តស្វែងរកអ្នករស់រានមានជីវិតនៅផ្សារទំនើបដែលរងការខូចខាត និងអ្នកដែលកំពុងតែបន្តជាប់គាំងក្នុងគំនរអគារ។
លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បានសម្តែងការសោកស្តាយចំពោះគ្រោះរញ្ជួយដីដ៏អាក្រក់មួយនេះលោកស្រីជំរុញឲ្យមន្រ្តីជំនាញពាក់ព័ន្ធនាៗត្រូវតែប្រញាប់ក្នុងការជួយសង្រ្គោះមនុស្សដែលកំពុងតែជាប់គាំងក្នុងអគារបែបបាក់។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា គិតត្រឹមល្ងាចម្សិលមិញ គ្រួសារ និងអគារជាង ២២,៦០០ នៅតែគ្មានអគ្គិសនីប្រើប្រាស់ ខណៈដែលផ្ទះប្រហែល ៨៤,០០០ ខ្នងកំពុងតែមានបញ្ហាទឹកប្រើប្រាស់ ទំហំនៃការខូចខាតពិតប្រាកដកំពុងតែត្រូវបានមន្រ្តីជំនាញធ្វើការវាយតម្លៃ។
គួររម្លឹកថាការរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រកាលពីថ្ងៃអង្គារទី ២៨ ខែកក្កដាបានបណ្តាលឱ្យខូចខាតយ៉ាងខ្លាំងក្លា ធ្វើឱ្យផ្ទះសំបែងរាបស្មើ បំផ្លាញស្ពាន បង្កឱ្យមានអគ្គីភ័យ និងធ្វើឱ្យប្រជាជនរាប់ម៉ឺននាក់គ្មានអគ្គិសនី និងទឹកប្រើប្រាស់ ខណៈដែលសីតុណ្ហភាពត្រូវបានគេព្យាករណ៍ថានឹងឡើងដល់ ៣៨ អង្សាសេនៅចុងសប្តាហ៍នេះដែលកាន់តែបង្កការលំបាកដល់អ្នលដែលរងគ្រោះ៕