ភ្នំពេញ៖ និស្សិតចំនួន ៣ក្រុមរួមមាន Ping Pong Team ជ័យលាភីលេខ១ , ត្រីវិស័យ បានជ័យលាភីលេខ២, និង Lockin បានជ័យលាភីលេខ៣ ក្នុងកម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យា MIS Challenge 2026 ដោយបានបង្កើតដំណោះស្រាយឌីជីថលច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រឈមជាក់ស្តែងនៅក្នុងសង្គម។ កម្មវិធីនេះមានការចូលរួមពីនិស្សិតសរុបប្រមាណ ៦៥នាក់ ស្មើនឹង ១៣ក្រុម មកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន ១០ ក្នុងរាជធានីភ្នំពេញ។
និស្សិត១៣ក្រុម មកពីសាកលវិទ្យាល័យចំនួន១០ រួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យកម្ពុជា បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា សាកលវិទ្យាល័យ វេស្ទើន កម្ពុជា។
MIS Challenge 2026 គឺជាកម្មវិធីប្រកួតប្រជែង និងបណ្តុះបណ្តាលបច្ចេកវិទ្យាដែលមានគោលបំណងលើកកម្ពស់សមត្ថភាពនិស្សិតក្នុងការគិតបែបនវានុវត្តន៍ ការវិភាគបញ្ហា និងការបង្កើតដំណោះស្រាយបច្ចេកវិទ្យាដែលអាចអនុវត្តបានក្នុងពិភពពិត។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី 11, 12 និង 19 ខែកក្កដា ឆ្នាំ 2026 នៅ Techo Startup Center មានអ្នកចូលរួមសរុបប្រមាណ ៦៥នាក់។
កម្មវិធីនេះបានប្រព្រឹត្តទៅក្នុងរយៈពេលបីថ្ងៃ ដោយបានចាប់ផ្តើមពីថ្ងៃទី 11 ខែកក្កដា 2026 លើការស្វែងយល់ពីបញ្ហា និងការបង្កើតគំនិតច្នៃប្រឌិតជាមួយគ្រូបណ្តុះបណ្តាល 2 នាក់ បន្ទាប់មកនៅថ្ងៃទី 12 ខែកក្កដា បានផ្តោតលើការអភិវឌ្ឍផ្នែកបច្ចេកទេស ការរចនា UX/UI និងការបង្កើត prototype ជាក់ស្តែងជាមួយគ្រូបណ្តុះបណ្តាល 1 នាក់ ហើយបានបញ្ចប់ទៅនៅថ្ងៃទី 19 ខែកក្កដា ដែលជាថ្ងៃ Pitching Day សម្រាប់ឱ្យក្រុមទាំងអស់ឡើងបង្ហាញពីបញ្ហា ដំណោះស្រាយ និង prototype របស់ខ្លួនទៅកាន់គណៈកម្មការជំនាញចំនួន 3 នាក់។
ជាលទ្ធផល នៅក្នុងការប្រកួតប្រជែងកម្មវិធី MIS Challenge 2026 ក្រុម Ping Pong Team បានដណ្តើមបានជ័យលាភីលេខ ១ តាមរយៈការបង្កើតកម្មវិធី BookLan ដែលជាដំណោះស្រាយជួយឱ្យអ្នកដំណើរតាមផ្លូវជាតិអាចកក់ ឬហៅរថយន្តឈប់ទទួលតាមទីតាំងជាក់ស្តែង ដោយមិនចាំបាច់ទៅដល់ស្ថានីយ ឬបេនឡានឡើយ។ ខណៈដែលចំណាត់ថ្នាក់លេខ ២ បានទៅលើក្រុម ត្រីវិស័យ ជាមួយស្នាដៃ Reanbotic ដែលជាវេទិកាសិក្សារ៉ូបូតិកឆ្លាតវៃ (AI) មានប្រព័ន្ធ 3D Simulation ជួយដោះស្រាយបញ្ហាខ្វះខាតឧបករណ៍ និងធនធានសិក្សា STEM ជាភាសាខ្មែរសម្រាប់យុវជន។ ដោយឡែក ជ័យលាភីលេខ ៣ បានទៅលើក្រុម Lockin ដែលបានអភិវឌ្ឍកម្មវិធីសិក្សាឌីជីថលដើរដោយថាមពល AI ដើម្បីជួយសម្រួលដល់សិស្សវិទ្យាល័យក្នុងការយល់មេរៀន តាមដានសមត្ថភាព និងទទួលបានឯកសារសិក្សាជាភាសាខ្មែរយ៉ាងមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា កម្មវិធី MIS Challenge 2026 មិនមែនគ្រាន់តែជាការប្រកួតប្រជែងនោះទេ ប៉ុន្តែជាវេទិកាដ៏មានសារៈសំខាន់ក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពនិស្សិត តាមរយៈការជំរុញឱ្យពួកគេចេះគិតគូរពីបញ្ហាពិតក្នុងសង្គម បង្កើត solution logic ច្បាស់លាស់ និងរចនា high-fidelity prototype។ លើសពីនេះ កម្មវិធីក៏លើកទឹកចិត្តដល់ការធ្វើការងារជាក្រុម ការគិតវិភាគ និងការដោះស្រាយបញ្ហា ព្រមទាំងផ្តល់ឱកាសយ៉ាងល្អប្រសើរឱ្យនិស្សិតបានបង្ហាញស្នាដៃផ្ទាល់ខ្លួនទៅកាន់គណៈកម្មការដែលមានបទពិសោធន៍ខ្ពស់ផងដែរ៕