អាម៉េរិក៖ នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក ម៉ាក ហ្សាក់ឃើបឺក កាលពីថ្ងៃពុធ បានប្រាប់សារព័ត៌មាន Financial Times ថា រដ្ឋាភិបាលអាម៉េរិក មិនគួរធ្វើដាក់បម្រាមលើម៉ូដែលបញ្ញាសិប្បនិម្មិត (AI) របស់ចិន ក្នុងគោលបំណងទាញយកប្រៀបក្នុងវិស័យ AI នោះឡើយ។ លោកបានបញ្ជាក់ថា ការហាមឃាត់ម៉ូដែល AI កម្រិតខ្ពស់របស់ចិន មិនមែនជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនោះទេ។ ការបញ្ជាក់របស់លោកនេះធ្វើឡើងក្រោយពី រដ្ឋបាលរបស់លោកប្រធានាធិបតី ត្រាំ កាលពីថ្ងៃអង្គារ បានប្រកាសសម្រេចហាមឃាត់ការនាំចូលមនុស្សយន្តរាងដូចមនុស្សថ្មីដែលផលិតនៅបរទេសមកកាន់សហរដ្ឋអាម៉េរិក ដោយសារតែ ហានិភ័យដែលមិនអាចទទួលយកបានចំពោះសន្តិសុខជាតិរបស់ប្រទេស។ ចំណាត់ការនេះនឹងអនុវត្តចំពោះមនុស្សយន្តទំនើបៗ រួមទាំងមនុស្សយន្ត និងម៉ាស៊ីនដំណើរការជាមួយនឹងជើងបួន ដែលភាគច្រើនត្រូវបានផលិតនៅក្នុងប្រទេសចិន។
លោក ហ្សាក់ឃើបឺក ព្រមានទៀតថា ការហាមឃាត់របស់សហរដ្ឋអាម៉េរិកលើគំរូ AI របស់ចិននឹងមិនមែនជាដំណោះស្រាយដ៏មានប្រសិទ្ធភាពទេ លោកណែនាំឲ្យក្រុមហ៊ុនអាម៉េរិកគួរតែកំណត់អត្តសញ្ញាណជាប្រព័ន្ធ នូវចំណុចកកស្ទះ និងឧបសគ្គ ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន AI របស់ចិនបានកាន់តែប្រសើរ។'
គួរកត់សម្គាល់ថា FCC (គណៈកម្មការទំនាក់ទំនងសហព័ន្ធ) បានលើកឡើងពីការព្រួយបារម្ភថា ការប្រើប្រាស់ឧបករណ៍បម្លែងថាមពលដែលផលិតនៅបរទេសអាចអនុញ្ញាតឱ្យក្រុមហ៊ុននៅបរទេសបិទវា លួចទិន្នន័យ សម្រួលដល់ការចូលប្រើ និងការឃ្លាំមើលពីចម្ងាយដោយហើយអាចនឹងត្រូវបានកេងប្រវ័ញ្ចតាមរយៈការវាយប្រហារតាមអ៊ីនធឺណិតជាដើម។ FCC ថាការប្រើប្រាស់មនុស្សយន្តដែលផលិតនៅខាងក្រៅសហរដ្ឋអាម៉េរិកអាចអនុញ្ញាតឱ្យមនុស្សឃ្លាំមើលជនជាតិអាម៉េរិក បង្កើនសមត្ថភាពរបស់សេវាស៊ើបការណ៍សម្ងាត់បរទេស ឬបញ្ជាមនុស្សយន្តពីចម្ងាយដែលនឹងប៉ះពាល់ដល់សន្តិសុខអាម៉េរិក៕