Swift cc time

យូធូប៊ឺរថៃដ៏ល្បីម្នាក់«ស្លាប់»នៅសណ្ឋាគារមួយកន្លែងនៅហ្សកហ្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ យូធូប៊ឺរជនជាតិថៃដ៏ល្បីម្នាក់ ឈ្មោះ Bowornthat Pengsuk ដែលគេស្គាល់ថា «Hlun Solo» មានអាយុ ២៧ ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់សណ្ឋាគារមួយកន្លែង ក្នុងទីក្រុងទីប៊ីលីស៊ី (Tbilisi) រដ្ឋធានីប្រទេសហ្សកហ្ស៊ី (Georgia) បន្ទាប់ពីគ្រួសាររបស់លោកបានបាត់បង់ទំនាក់ទំនងជាមួយលោកជាងពីរសប្តាហ៍។ ប៉ូលិសហ្សកហ្ស៊ីបានបញ្ជាក់កាលពីថ្ងៃពុធថា ពួកគេកំពុងបើកការស៊ើបអង្កេតលើរឿងនេះ ដោយសារមូលហេតុនៅពីក្រោយការស្លាប់នៅមានភាពមិនច្បាស់លាស់។ លោក Bowornthat មានអ្នកតាមដាន ២,៥ លាននាក់នៅលើហ្វេសប៊ុក និងអ្នកគាំទ្រ(Subcribers) ៩៥០.០០០ នាក់នៅលើឆានែលយូធូប។

យោងតាមការចេញផ្សាយរបស់កាសែត Bangkok Post លោក Bowornthat បានធ្វើដំណើរទៅកាន់ប្រទេសហ្សកហ្ស៊ីកាលពីដើមខែកក្កដា ដើម្បីថតវីដេអូសម្រាប់ដំណើរទេសចរដោយចំណាយថវិកាតិច (solo budget travel) របស់លោក។

ប៉ុន្តែ បងប្រុសរបស់លោក កាលពីថ្ងៃអង្គារ បានចេញមុខប្រកាសស្វែងរកដំណឹងប្អូនប្រុសរបស់លោកជាសាធារណៈ ដោយបញ្ជាក់ថាគ្រួសារបានទាក់ទងលោកចុងក្រោយកាលពីថ្ងៃទី១៣ ខែកក្កដា ហើយក្រោយមកពួកគេមិនអាចទាក់ទងបានទៀត។

ជាការឆ្លើយតប ក្រសួងការបរទេសថៃ បានសហការជាមួយមន្ត្រីមូលដ្ឋាន និងបណ្តាញស្ម័គ្រចិត្តថៃក្នុងប្រទេសហ្សកហ្ស៊ី ដើម្បីជួយស្រាវជ្រាវរកទីតាំងរបស់លោក។

គួរបញ្ជាក់ថា មុនពេលក្លាយជាអ្នកបង្កើតមាតិកាទេសចរណ៍ដ៏ល្បីល្បាញ លោក Bowornthat បានធំធាត់ឡើងក្នុងភាពក្រីក្រនៅខេត្តកាឡាស៊ីន (Kalasin) ក្រោមការចិញ្ចឹមបីបាច់របស់ជីដូន បន្ទាប់ពីឪពុករបស់លោកបានស្លាប់។ លោកធ្លាប់បានធ្វើការនៅរោងចក្រ មុនពេលទទួលបានអាហារូបករណ៍សិក្សានៅមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យជូឡាឡុងកន និងបានបន្តចំណង់ចំណូលចិត្តក្នុងការធ្វើដំណើរផ្សងព្រេងបែបផ្សងព្រេងតែម្នាក់ឯង រហូតទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងអាជីពជាអ្នកបង្កើតវីដេអូទេសចរណ៍៕

Khcct banner

អត្ថបទទាក់ទង