ញូវដេលី៖ អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina ដែលកំពុងភៀសខ្លួន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា លោកស្រីមានការតាំងចិត្តខ្ពស់ក្នុងការវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញត្រឹមខែធ្នូ ទោះបីជាលោកស្រីដឹងច្បាស់ថាខ្លួនកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិត។ លោកស្រីបានបញ្ជាក់ថា លោកស្រីអាចនឹងត្រូវគេសម្លាប់ ឬចាប់ខ្លួនដាក់គុក ប៉ុន្តែលោកស្រីនៅតែចង់ត្រឡប់ទៅវិញ ព្រោះប្រជាជនរបស់លោកស្រីកំពុងតែហៅរកលោកស្រី។ នេះបើតាមការចេញផ្សាយរបស់កាសែត CNA។
លោកស្រី Hasina បានអះអាងទៀតថា ការសម្រេចចិត្តវិលត្រឡប់របស់លោកស្រីគឺធ្វើឡើងដោយខ្លួនឯង ដោយគ្មានការគាបសង្កត់ពីភាគីណាមួយឡើយ ហើយលោកស្រីក៏ទទួលបានការគោរព និងកិត្តិយសយ៉ាងសមរម្យអំឡុងពេលស្នាក់នៅប្រទេសឥណ្ឌា។
គួររំលឹកថា លោកស្រី Hasina ត្រូវបានទម្លាក់ពីអំណាចក្នុងខែសីហា ឆ្នាំ២០២៤ តាមរយៈការតវ៉ាដឹកនាំដោយនិស្សិត ដែលបានបញ្ចប់តំណែងរយៈពេល ១៥ឆ្នាំរបស់លោកស្រី។ កាលពីខែវិច្ឆិកាកន្លងទៅ តុលាការរដ្ឋធានីដាកា បានកាត់ទោសលោកស្រីពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងសម្រេចផ្តន្ទាទោសប្រហារជីវិតដោយការព្យួរក ដែលការណ៍នេះត្រូវបានលោកស្រីចាត់ទុកថាជា «ការសងសឹកផ្នែកនយោបាយក្រោមរូបភាពជាច្បាប់៕