រុស្ស៊ី៖ ទីភ្នាក់ងារសន្តិសុខក្នុងស្រុករបស់រុស្ស៊ី (FSB) បានប្រកាសនៅថ្ងៃពុធនេះថា លោក Pavel Durov មេស្ថាបនិកបង្កើតកម្មវិធី Telegram ត្រូវបានចោទប្រកាន់ពីបទជួយជ្រោមជ្រែងដល់អំពើភេរវកម្ម និងត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតាមចាប់អន្តរជាតិ។ ទីភ្នាក់ងារ FSB បានចោទប្រកាន់ស្ថាបនិក Telegram រូបនេះថា បានបរាជ័យក្នុងការលុបចោលបណ្តាញឆាត និងបូត (Bots) ផ្សេងៗ ដែលត្រូវ បានប្រើប្រាស់ដោយទីភ្នាក់ងារចារកម្មអ៊ុយក្រែន និងក្រុមភេរវករដើម្បីសម្របសម្រួលសកម្មភាពបំផ្លិចបំផ្លាញ និងអំពើភេរវកម្មក្នុងប្រទេសរុស្ស៊ី។
យោងតាមការចេញផ្សាយរបស់កាសែត AP News លោក Durov បានច្រានចោល និងធ្លាប់បានចោទប្រកាន់អាជ្ញាធររុស្ស៊ីថា បានប្រឌិតបទល្មើសឡើង ដើម្បីរឹតបន្តឹងការចូលប្រើប្រាស់ Telegram និងរំលោភលើសិទ្ធិឯកជនភាព និងសេរីភាពនៃការបញ្ចេញមតិ។
មុនការចេញសេចក្តីប្រកាសជាផ្លូវការតាមចាប់ខ្លួន រុស្ស៊ីបានបិទ និងរឹតបន្តឹងបណ្តាញសង្គម និងកម្មវិធីផ្ញើសារធំៗជាច្រើនរួចមកហើយ ដូចជា Facebook, Instagram, X, WhatsApp និង Signal ជាដើម ខណៈអាជ្ញាធររុស្ស៊ី ក៏កំពុងរឹតបន្តឹងការប្រើប្រាស់កម្មវិធី Telegram ក្នុងគោលបំណងដាក់អ៊ីនធឺណែតស្ថិតក្រោមការគ្រប់គ្រងរបស់វិមានក្រឹមឡាំង ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២ មក។ រុស្ស៊ីក៏កំពុងព្យាយាមផ្សព្វផ្សាយកម្មវិធីក្នុងស្រុកមួយឈ្មោះថា MAX ដែលត្រូវបានរិះគន់ថាអាចនឹងត្រូវប្រើប្រាស់សម្រាប់ការឃ្លាំមើល និងចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាល។
គួររំលឹកថា កាលពីឆ្នាំ២០២៤ លោក Durov ក៏ធ្លាប់ត្រូវបានចាប់ខ្លួននៅទីក្រុងប៉ារីស ជុំវិញការចោទប្រកាន់ពីបទអនុញ្ញាតឱ្យមានសកម្មភាពខុសច្បាប់នៅលើបណ្តាញសង្គម Telegram៕