ហាណូយ៖ កាសែតវៀតណាម Tuoi Tre News បានចុះផ្សាយរូបភាពពលរដ្ឋវៀតណាមនៅទីក្រុងហាណូយ តម្រង់ជួរលើម៉ូតូ និងយានយន្តធ្វើដំណើររបស់ខ្លួន ដើម្បីរង់ចាំដល់វេនអាចចាក់សាំងបាន។ បញ្ហានេះកើតឡើងដោយសារអត្រាអ្នកលក់រាយ និងអ្នកចែកចាយប្រេងឥន្ធនៈទូទាំងប្រទេសវៀតណាម កំពុងជួបប្រទះការខ្វះខាតប្រេងយ៉ាងខ្លាំង ដោយសារការខ្វះប្រភពផ្គត់ផ្គង់ ធ្វើឱ្យប្រេងម៉ាស៊ូតកើនតម្លៃខ្ពស់ និងឥទ្ធិពលពីជម្លោះនៅមជ្ឈិមបូព៌ា។ ក្រុមហ៊ុន Petrolimex និងបណ្តាក្រុមហ៊ុនលក់ដុំធំៗក៏កំពុងប្រឈមមុខនឹងបញ្ហាក្នុងការនាំចូល និងការផ្គត់ផ្គង់ក្នុងស្រុក។
យោងតាមប្រភពព័ត៌មានដដែល ក្រុមហ៊ុន Petrolimex បានបញ្ជាក់ថា ការកើនឡើងយ៉ាងគំហុកនៃតម្រូវការប្រេងម៉ាស៊ូតក្នុងខែកក្កដា ព្រមទាំងការអាក់ខាននៃការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz បានដាក់សម្ពាធយ៉ាងខ្លាំងមកលើបណ្តាញចែកចាយរបស់ខ្លួន។
ប្រភពដដែលបានគូសបញ្ជាក់ថា ក្រុមហ៊ុនលក់ដុំឯកជន និងរដ្ឋ ក៏កំពុងជួបប្រទះបញ្ហាក្នុងការនាំចូល និងខ្វះខាតដើមទុន ដោយសារតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិបានហក់ឡើងខ្ពស់ ដែលធ្វើឱ្យក្រុមហ៊ុនជាច្រើនខាតបង់ប្រាក់យ៉ាងច្រើនលើការលក់ និងប្រឈមនឹងការរឹតបន្តឹងឥណទានពីធនាគារ។ បញ្ហានេះបានបង្ខំឱ្យអ្នកចែកចាយមួយចំនួនត្រូវកាត់បន្ថយការលក់ ផ្អាកកិច្ចសន្យា ឬបិទស្ថានីយប្រេងឥន្ធនៈជាបណ្តោះអាសន្ន។
ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនប្រេងឥន្ធនៈធំៗបាននិងកំពុងព្យាយាមតាមដានសារពើភណ្ឌ រៀបចំការដឹកជញ្ជូនបន្ថែម និងសម្របសម្រួលការចែកចាយ ដោយផ្តល់អាទិភាពដល់វិស័យផលិតកម្ម ការដឹកជញ្ជូន និងសេវាសំខាន់ៗ ព្រមទាំងស្នើសុំវិធានការជួយស្ថិរភាពទីផ្សារពីអាជ្ញាធរមានសមត្ថកិច្ច។
អ្នកជំនាញការ និងតំណាងក្រុមហ៊ុនចែកចាយបានព្រមានថា ការខ្វះខាតប្រេងម៉ាស៊ូត ដែលជាឥន្ធនៈដ៏សំខាន់សម្រាប់សេដ្ឋកិច្ច គឺទាមទារឱ្យមានដំណោះស្រាយបន្ទាន់ ដើម្បីធានាថាការផ្គត់ផ្គង់សម្រាប់សេចក្តីត្រូវការរបស់ប្រជាជន និងអាជីវកម្មមិនត្រូវខកខានឡើយ៕