បាងកក៖ អគ្គស្នងការដ្ឋាននគរបាលជាតិថៃ នៅថ្ងៃពុធនេះ បានចេញសេចក្តីជូនដំណឹងក្រើនរំលឹកដល់ម្ចាស់អាជីវកម្មទូទាំងប្រទេសថា ក្នុងអំឡុងពេលបុណ្យអាសាឍបូជា និងបុណ្យចូលព្រះវស្សា ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ការលក់គ្រឿងស្រវឹងគ្រប់ប្រភេទនឹងត្រូវផ្អាកជាបណ្តោះអាសន្នរយៈពេល ៤៨ម៉ោង ចាប់ពីម៉ោង ០០:០១ នាទី ថ្ងៃទី២៩ ដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី៣០ ខែកក្កដា។ អ្នកដែលបំពានច្បាប់នេះ នឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៦ខែ ពិន័យជាប្រាក់រហូតដល់ ១០,០០០បាត(ជិត៣០០ដុល្លារ) ឬទោសទាំងពីររួមគ្នា។
យោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត ការរឹតបន្តឹងនេះអនុវត្តចំពោះហាងទំនិញ ផ្សារទំនើប ភោជនីយដ្ឋាន និងកន្លែងកម្សាន្តនានា លើកលែងតែអាកាសយានដ្ឋានអន្តរជាតិ សណ្ឋាគារ និងទីតាំងដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវតាមច្បាប់។
ប៉ូលិសថៃបានបញ្ជាក់ថា អគ្គស្នងការនគរបាលជាតិបានណែនាំឱ្យកម្លាំងទាំងអស់បង្កើនការទប់ស្កាត់បទល្មើស និងធានាសុវត្ថិភាពចរាចរណ៍ ខណៈអ្នកបំពានការហាមឃាត់ការលក់គ្រឿងស្រវឹងនេះ នឹងត្រូវប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១០,០០០បាត(ជិត៣០០ដុល្លារ) ឬដាក់ពន្ធនាគាររហូតដល់ ៦ខែ ឬទោសទាំងពីររួមគ្នា៕