ណៃពិដោ៖ រដ្ឋសភារបស់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារម្សិលមិញ បានសម្រេចអនុម័តច្បាប់ថ្មីមួយ ដែលអនុញ្ញាតឱ្យមានការដាក់ទោសប្រហារជីវិត ចំពោះជនណាដែលឃុំឃាំង ឬប្រើប្រាស់អំពើហិង្សាបង្ខំឱ្យជនរងគ្រោះធ្វើការនៅក្នុងមជ្ឈមណ្ឌលឆបោកតាមអនឡាញ (Scam Centres)។ច្បាប់ថ្មីនេះកំណត់ទោសចាប់ពីពន្ធនាគាររយៈពេល ១០ឆ្នាំ រហូតដល់អស់មួយជីវិត និងអាចដល់ទោសប្រហារជីវិតប្រសិនបើអំពើហិង្សា ការធ្វើទារុណកម្ម ឬការឃុំឃាំងខុសច្បាប់នោះ បណ្តាលឱ្យជនរងគ្រោះបាត់បង់ជីវិត។
យោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត ប្រធានរដ្ឋសភាមីយ៉ាន់ម៉ា លោក Aung Lin Dwe បានប្រកាសតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃអង្គារថា សមាជិកសភាបានអនុម័ត «សេចក្តីព្រាងច្បាប់ប្រឆាំងការឆបោកតាមអនឡាញ» បន្ទាប់ពីកិច្ចប្រជុំរួមគ្នារវាងសភាជាន់ខ្ពស់ និងសភាជាន់ទាប នៅរដ្ឋធានីណៃពិដោ ច្បាប់ថ្មីនេះបានចែងទៀតថាជនណាដែលត្រូវបានរកឃើញថាមានកំហុសក្នុងការគ្រប់គ្រងមជ្ឈមណ្ឌលបោកប្រាស់ ឬពាក់ព័ន្ធនឹងការបោកប្រាស់រូបិយវត្ថុគ្រីបតូ (Cryptocurrency) ក៏អាចប្រឈមមុខនឹងការដាក់ពន្ធនាគារអស់មួយជីវិតផងដែរ។
គួរបញ្ជាក់ថា នេះគឺជាច្បាប់ដំបូងគេដែលត្រូវបានអនុម័តក្រោមរដ្ឋាភិបាលថ្មីដឹកនាំដោយលោក មីន អ៊ុងឡាំង (Min Aung Hlaing) ខណៈប្រទេសនេះកំពុងក្លាយជាទីតាំងដ៏ធំមួយសម្រាប់ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មបោកប្រាស់តាមអ៊ីនធឺណិត ដែលមានជនរងគ្រោះមកពីជាង ៨០ប្រទេសជុំវិញពិភពលោក៕