Swift cc time

អាម៉េរិក និងអារ៉ាប៊ីសាអូឌីត បើកការវាយប្រហារក្រុម«ភេរវករ»ដែលលាក់ខ្លួននៅអ៊ីរ៉ាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ យន្តហោះចម្បាំងអាម៉េរិក និងអារ៉ាប៊ីសាអូឌីត បានធ្វើការវាយប្រហារនៅយប់ថ្ងៃអង្គារ ប្រឆាំងនឹងពួកសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ដែលកំពុងតែសំងំលាក់ខ្លួននៅអ៊ីរ៉ាក់ ការវាយប្រហាររួមគ្នារបស់អាម៉េរិក និងអារ៉ាប៊ីសាអូឌីតលើអ៊ីរ៉ាក់នេះធ្វើឡើងក្រោយពីអាម៉េរិកបានចោទអ៊ីរ៉ាក់ថាបានបើកការវាយប្រហារលើមូលដ្ឋានទ័ពអាម៉េរិកដែលកំពុងតែមានវត្តមានក្នុងតំបន់ជម្លោះ។

ទីបញ្ជាការកណ្តាលអាម៉េរិកបានអះអាងថា ការវាយប្រហារទាំងនោះបានកំណត់គោលដៅទៅលើភេរវករដែលជាប់ពាក់ព័ន្ធជាមួយនឹងអ៊ីរ៉ង់ ដែលកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានដឹកនាំដើម្បីវាយប្រហារកងកម្លាំងអាម៉េរិក និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អារ៉ាប៊ីសាអូឌីត។ ទីបញ្ជាការកណ្តាលអាម៉េរិកព្រមានទៀតថា កងឆ្មាំបដិវត្តន៍អ៊ីស្លាម និងក្រុមភេរវកររបស់ខ្លួនត្រូវតែបញ្ឈប់ការវាយប្រហារទាំងនេះ ដើម្បីជៀសវាងការឆ្លើយតបយោធារបស់សហរដ្ឋអាម៉េរិកបន្ថែមទៀត។

បន្ថែមពីនេះអារ៉ាប៊ីសាអូឌីតបានបញ្ជាក់ពីការចូលរួមរបស់ខ្លួននៅក្នុងការវាយប្រហារលើអ៊ីរ៉ាក់នៅយប់ថ្ងៃអង្គារដោយបានអះអាងថាខ្លួនបានវាយប្រហារគោលដៅរបស់កងជីវពលទាំងនោះដែលមានវត្តមាននៅលើទឹកដីអ៊ីរ៉ាក់ ដែលមានទំនាក់ទំនងជាមួយការវាយប្រហារលើកន្លែងផលិតប្រេងអារ៉ាប់។ ក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីត បន្ថែមទៀតថាកងកម្លាំងរបស់ខ្លួនបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកដែលកំណត់គោលដៅកន្លែងផលិតប្រេងនៅភាគខាងកើតអារ៉ាប៊ីសាអូឌី។

គួរបញ្ជាក់ថាទីបញ្ជាការកណ្តាល (CENTCOM) បានប្រកាសកាលពីព្រឹកថ្ងៃអង្គារថា អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ក្នុងការប៉ុនប៉ងវាយប្រហារលើកងកម្លាំងអាម៉េរិកដែលមានមូលដ្ឋាននៅមជ្ឈិមបូព៌ា ប៉ុន្តែមីស៊ីលទាំងអស់ត្រូវបានស្ទាក់ចាប់៕

Khcct banner

អត្ថបទទាក់ទង