Swift cc time

ព្រឹត្តិការណ៍ថ្នាក់ជាតិ RISE Week 2026 ជំរុញយុវជនកម្ពុជាប្រែក្លាយខ្លួនពីត្រឹមជា "អ្នកប្រើប្រាស់បច្ចេកវិទ្យា" ទៅជា "អ្នកបង្កើតដំណោះស្រាយ"

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ព្រឹត្តិការណ៍ថ្នាក់ជាតិ RISE Week 2026 ដែលបានរៀបចំឡើងនាថ្ងៃទី២៥ និងទី២៦ ខែកក្កដា ឆ្នាំ២០២៦ បានក្លាយជាវេទិកាដ៏សំខាន់ក្នុងការផ្លាស់ប្តូរចំណេះដឹង ជំរុញនវានុវត្តន៍បច្ចេកវិទ្យា និងសហគ្រិនភាពយុវជន។ព្រឹត្តិការណ៍នេះបានបង្ហាញថា យុវជនកម្ពុជាមានសក្តានុពលពេញលេញក្នុងការប្រែក្លាយខ្លួនពីត្រឹមជា "អ្នកប្រើប្រាស់បច្ចេកវិទ្យា" ទៅជា "អ្នកបង្កើតដំណោះស្រាយ"។

នៅក្នុងយុគសម័យនៃការធ្វើបរិវត្តកម្មឌីជីថល ដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងនវានុវត្តន៍កំពុងកំណត់ឡើងវិញនូវនិន្នាការសេដ្ឋកិច្ចសកល ការរៀបចំធនធានមនុស្សឱ្យដើរទាន់សភាពការណ៍ គឺជាភាពចាំបាច់មិនអាចខ្វះបាន។ ក្នុងរយៈពេលពីរថ្ងៃ ព្រឹត្តិការណ៍នេះបានបង្ហាញថា យុវជនកម្ពុជាមានសក្តានុពលពេញលេញក្នុងការប្រែក្លាយខ្លួនពីត្រឹមជា "អ្នកប្រើប្រាស់បច្ចេកវិទ្យា" ទៅជា "អ្នកបង្កើតដំណោះស្រាយ"។

នៅក្នុងការប្រកួតប្រជែងថ្នាក់ជាតិរបស់កម្មវិធី Technovation x Future Digital Talents យុវជនបានឡើងធ្វើបទបង្ហាញដោយភាពក្លាហាន នូវកម្មវិធីទូរស័ព្ទដៃ (Mobile Apps) និងដំណោះស្រាយបញ្ញាសិប្បនិម្មិត (AI) ដែលពួកគេបានស្រាវជ្រាវ និងអភិវឌ្ឍឡើង ដើម្បីឆ្លើយតបទៅនឹងបញ្ហាក្នុងសហគមន៍របស់ពួកគេ។

ទន្ទឹមនឹងនេះ កម្មវិធី Coolest Projects Cambodia ដែលធ្វើឡើងក្រោមកិច្ចសហការជាមួយ Raspberry Pi Foundation ពីចក្រភពអង់គ្លេស បាននាំមកនូវមាតិកាសិក្សា និងធនធានអប់រំបច្ចេកវិទ្យាកម្រិតអន្តរជាតិមកកាន់កម្ពុជា។ សាធារណជនបានទស្សនាស្នាដៃបច្ចេកវិទ្យា ដែលសិស្សានុសិស្សបានបង្កើតឡើង។ មិនតែប៉ុណ្ណោះ កម្មវិធី Game Quests 2026 សិស្សានុសិស្សបានដាក់តាំងបង្ហាញវីដេអូហ្គេមដែលពួកគេបានបង្កើតឡើងដោយផ្ទាល់ដៃ ដែលទាមទារនូវការសហការគ្នាទាំងលើជំនាញសរសេរកូដ គំនិតច្នៃប្រឌិត និងការដោះស្រាយបញ្ហាតក្កវិទ្យា។

RISE Week 2026 មានអត្ថន័យលើសពីការតាំងបង្ហាញគម្រោង ថែមទាំងបានដើរតួជាវេទិកាសម្រាប់ការចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែង។ វេទិកាពិភាក្សា Pie and AI Panel Discussions មានវាគ្មិនកិត្តិយស និងអ្នកជំនាញ ពិភាក្សា និងចែករំលែកពីឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត លើអនាគតនៃការអប់រំ និងកាលានុវត្តភាពការងារ ដែលជួយបើកការគិតរបស់យុវជនឱ្យត្រៀមខ្លួនរួចជាស្រេចក្នុងយុគសម័យ AI។

ក្រៅពីនេះ ព្រឹត្តិការណ៍នេះ មានរួមបញ្ចូលនូវកិច្ចពិភាក្សារបស់អតីតសិស្សឆ្នើម TKA Alumni Panel Discussion ដែលអតីតសិស្សបានចែករំលែកបទពិសោធន៍ផ្ទាល់ពីរបៀបដែលការចូលរួមក្នុងសកម្មភាពក្រៅថ្នាក់រៀន ការហ៊ានប្រឈមមុខនឹងការបរាជ័យ ការចាប់យកតួនាទីជាអ្នកដឹកនាំ និងការតស៊ូក្នុងកម្មវិធីប្រកួតប្រជែងនានា បានជួយពង្រីកសក្តានុពល កសាងទំនុកចិត្ត និងបើកទ្វារឆ្ពោះទៅរកឱកាសការងារដ៏ល្អប្រសើរ។ នេះគឺជាសាររំលឹកដ៏សំខាន់មួយថា ការអភិវឌ្ឍសមត្ថភាពពិតប្រាកដ និងភាពជាអ្នកដឹកនាំ គឺកើតចេញពីការរៀនសូត្រទាំងនៅក្នុង និងក្រៅថ្នាក់រៀន។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងឱកាសនេះ Tech for Kids Academy ក៏បានប្រកាសជាផ្លូវការនូវការបង្កើត TKA Alumni Platform ផងដែរ។ វេទិកានេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់ឱ្យអតីតសិស្សទាំងអស់អាចរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ ចែករំលែកឱកាសការងារ ផ្តល់ការណែនាំដល់សិស្សប្អូនជំនាន់ក្រោយ និងបន្តអភិវឌ្ឍបណ្តាញវិជ្ជាជីវៈរបស់ពួកគេដើម្បីធានាបាននូវសហគមន៍គាំទ្រដ៏រឹងមាំមួយសម្រាប់អ្នកដឹកនាំបច្ចេកវិទ្យាកម្ពុជានាពេលអនាគត។

ភាពជោគជ័យនៃព្រឹត្តិការណ៍ RISE Week 2026 គឺជាសក្ខីភាពបញ្ជាក់ពីសមិទ្ធផលដែលអាចសម្រេចបាន នៅពេលដែលប្រព័ន្ធអេកូឡូស៊ីទាំងមូលរួបរួមគ្នាក្រោមចក្ខុវិស័យតែមួយ ក្នុងការលើកកម្ពស់យុវជនជំនាន់ក្រោយ។ RISE Week 2026 បានបង្ហាញយ៉ាងច្បាស់ថា នៅពេលដែលយុវជនទទួលបានឱកាស ការតម្រង់ទិស និងវេទិកាអប់រំដ៏ស័ក្តិសម សមត្ថភាព និងគំនិតច្នៃប្រឌិតរបស់ពួកគេគឺគ្មានដែនកំណត់ឡើយ។

លោក សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង លោក ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជួបសំណេះសំណាលផ្ទាល់ជាមួយអ្នកនវានុវត្តន៍វ័យក្មេង ដែលនេះជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអប់រំ STEM ចំណេះដឹងឌីជីថល និងការពង្រឹងសមត្ថភាពយុវជននៅកម្ពុជា។

កម្មវិធីនេះអាចដំណើរការទៅបានយ៉ាងជោគជ័យដោយការគាំទ្ររបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications MoEYS Cambodia ក្រោមការឧបត្ថម្ភធំពី មូលនិធិ ស.អ (CBRD fund) រៀបចំដោយ Tech for Kids Academy សហការរៀបចំដោយ Toptimize និង Education and Future Abroad ការឧបត្ថម្ភដោយ សហគ្រិនខ្មែរ Khmer Enterprise ការឧបត្ថម្ភទីតាំងដោយ American University of Phnom Penh និង AUPP Liger Leadership Academy ដៃគូដឹកជញ្ជូន Grab Cambodia និងដៃគូផ្សព្វផ្សាយ ស៊ីស៊ីថាមស៍ និង B2B Asia News ផងដែរ៕


Khcct banner

អត្ថបទទាក់ទង