Swift cc time

អាម៉េរិក ចោទចិនថា លួចចម្លង«បច្ចេកវិទ្យា AI»របស់អាម៉េរិក និងផលិតថ្មីជារបស់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/
លោក Michael Kratsios (ឆ្វេង) និងរដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent

ចិន៖ ក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃចន្ទ បានថ្កោលទោស សហរដ្ឋអាម៉េរិក ជុំវិញការគំរាមដាក់ទណ្ឌកម្ម និងបើកការស៊ើបអង្កេតលើយុទ្ធសាស្ត្របញ្ញាសប្បនិម្មិត (AI) របស់ខ្លួន។ ការឆ្លើយតបនេះធ្វើឡើង បន្ទាប់ពីអាម៉េរិក ចោទប្រកាន់ក្រុមហ៊ុនចិន Moonshot AI ថាបានលួចចម្លងម៉ូដែល Claude Fable 5 របស់ក្រុមហ៊ុន Anthropic ដើម្បីអភិវឌ្ឍម៉ូដែល Kimi K3 របស់ខ្លួន។

យោងតាមការចុះផ្សាយរបស់កាសែត រ៉យទ័រ មន្ត្រីជាន់ខ្ពស់អាម៉េរិក រួមមានលោក Michael Kratsios និងរដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បានអះអាងថា ក្រុមហ៊ុន Moonshot AI បានប្រើប្រាស់គណនីក្លែងបន្លំរាប់រយ ដើម្បីធ្វើអន្តរកម្មរាប់លានដងក្នុងគោលបំណងចម្រាញ់ និងលួចកម្មសិទ្ធិបញ្ញា។ មន្ត្រីជាន់ខ្ពស់អាម៉េរិកព្រមានថា សកម្មភាពនេះអាចធ្វើឱ្យក្រុមហ៊ុនចិនមួយនេះ ប្រឈមមុខនឹងការដាក់បញ្ចូលក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម (Entity List) របស់អាម៉េរិក។

អ្នកនាំពាក្យក្រសួងបរទេសចិនបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅអាម៉េរិកវិញថា ចំពោះសកម្មភាពណាមួយដែលបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ចិន ប្រទេសចិននឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនយ៉ាងរឹងមាំ។

បន្ថែមពីនេះលោក Michael Kratsios នាយកគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃការិយាល័យសេតវិមានបាននិយាយកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិកមានព័ត៌មានដែលបង្ហាញថា Moonshot បានចម្រាញ់ម៉ូដែល Claude Fable 5 របស់ Anthropic ដើម្បីអភិវឌ្ឍ Kimi K3 របស់ចិន។ លោក Kratsios បានចោទប្រកាន់ថាក្រុមហ៊ុន Moonshot បានបង្កើតប្រព័ន្ធទំនើបមួយ ដើម្បីធ្វើការវាយប្រហារដោយសម្ងាត់លើម៉ូដែល AI អាម៉េរិកក្នុងទ្រង់ទ្រាយធំ លោកថាក្រុមហ៊ុននេះក៏បានទិញម៉ាស៊ីនមេដែលបំពាក់ដោយបន្ទះឈីប GB300 របស់ Nvidia ហើយបានចូលប្រើប្រាស់ប្រព័ន្ធបែបនេះនៅក្នុងប្រទេសថៃ ដើម្បីបណ្តុះបណ្តាលម៉ូដែលរបស់ខ្លួន។

គួររម្លឹកថាបញ្ហាទាំងនេះកើតឡើងវិញក្រោយពីបច្ចេកវិទ្យា Moonshot AI ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ដែលផលិតម៉ូដែល AI Kimi K3 ដែលទើបចេញថ្មីៗនេះ បានទាក់ទាញចំណាប់អារម្មណ៍ចំពោះសមត្ថភាពសរសេរកូដរបស់ខ្លួន និងការជជែកវែកញែកកាន់តែខ្លាំងឡើងនៅអាម៉េរិកថា ចិនកំពុងចម្លងម៉ូដែលរបស់សហរដ្ឋអាម៉េរិក ភាពចម្រូងចម្រាសនេះបានឆ្លុះបញ្ចាំងពីប្រតិកម្មនៅសហរដ្ឋអាម៉េរិកចំពោះការកើនឡើងនៃក្រុមហ៊ុន AI របស់ចិន DeepSeek កាលពីឆ្នាំមុន៕

Khcct banner

អត្ថបទទាក់ទង