ចិន៖ ប្រធានាធិបតីចិន ស៊ី ជីនពីង នៅថ្ងៃអង្គារនេះ បានជំរុញឱ្យជនជាតិចិនដែលរស់នៅឯបរទេស និងអ្នកដែលបានវិលត្រឡប់មកប្រទេសចិនវិញ ប្រមូលផ្ដុំកម្លាំងគ្នាដើម្បីរួមចំណែកកសាងប្រទេសចិនឱ្យទៅជាប្រទេសដ៏ខ្លាំងក្លា និងជំរុញការអភិវឌ្ឍជាតិឡើងវិញ។
ថ្លែងក្នុងសេចក្តីណែនាំស្តីពីការងារទាក់ទងនឹងជនជាតិចិននៅឯបរទេស លោក ស៊ី បានគូសបញ្ជាក់ថា ជនជាតិចិនជាង ៦០លាននាក់ ដែលរស់នៅក្នុងប្រទេស និងតំបន់ជិត ២០០ រួមជាមួយនឹងជនជាតិចិនត្រឡប់មកពីបរទេសជាង ៤០លាននាក់ និងក្រុមគ្រួសាររបស់ពួកគេនៅក្នុងប្រទេសចិន បានជួយជំរុញការអភិវឌ្ឍរបស់ប្រទេសចិន ព្រមទាំងលើកកម្ពស់វប្បធម៌ចិន និងការពង្រឹងស៊ីជម្រៅនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
លោក ស៊ី បានអំពាវនាវឱ្យអនុវត្តយ៉ាងពេញលេញនូវគោលនយោបាយរបស់បក្ស ស្តីពីការងារទាក់ទងនឹងជនជាតិចិននៅឯបរទេស និងលើកទឹកចិត្តជនជាតិចិននៅក្រៅប្រទេស ក៏ដូចជាជនជាតិចិនដែលវិលត្រឡប់មកវិញ និងក្រុមគ្រួសាររបស់ពួកគេ ឱ្យប្រើប្រាស់ភាពខ្លាំងពិសេសរបស់ខ្លួន ដើម្បីគាំទ្រដល់បុព្វហេតុនៃការបង្រួបបង្រួមជាតិ។
គួរបញ្ជាក់ថា សន្និសីទជាតិស្តីពីការងារទាក់ទងនឹងជនជាតិចិននៅក្រៅប្រទេស ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃចន្ទដល់ថ្ងៃអង្គារ ដែលក្នុងអំឡុងពេលនោះ សេចក្តីណែនាំរបស់លោក ស៊ី ត្រូវ បានបញ្ជូនបន្ត៕