វៀតណាម៖ ក្រសួងការបរទេសវៀតណាម កំពុងពន្លឿនការបំម្លែងឌីជីថលដើម្បីបង្កើត «ក្រសួងការបរទេសឌីជីថល» និងបណ្តុះបណ្តាល «ទូតឌីជីថល» ជំនាន់ថ្មី ឆ្លើយតបទៅនឹងការរីកចម្រើនលើវិស័យបច្ចេកវិទ្យាក្នុងពិភពលោក ។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក ឡេ អាញ់ទន់ បានបញ្ជាក់ថា ការផ្លាស់ប្តូរនេះគឺជាបដិវត្តន៍លើអភិបាលកិច្ច ការបង្កើតគោលនយោបាយ និងសេវាសាធារណៈ ដោយបានដាក់បញ្ចូលបញ្ញាសប្បនិម្មិត (AI) និងបច្ចេកវិទ្យាទៅក្នុងកិច្ចការទូត។លោកថាបច្ចុប្បន្ន នីតិវិធីរដ្ឋបាលផ្ទៃក្នុង និងសេវាកម្មរបស់វៀតណាម ជាង ៩០% ត្រូវបានដំណើរការតាមប្រព័ន្ធអនឡាញ និងអេឡិចត្រូនិក។
លោក ឡេ អាញ់ទន់ (Le Anh Tuan) បានគូសបញ្ជាក់ថា ការបម្លែងឌីជីថល គឺលើសពីការទទួលយកបច្ចេកវិទ្យាថ្មីៗ វាគឺជាការធ្វើបដិវត្តន៍ដ៏ទូលំទូលាយលើអភិបាលកិច្ច ការបង្កើតគោលនយោបាយយុទ្ធសាស្ត្រប្រតិបត្តិការការទូត និងសេវាសាធារណៈសម្រាប់ពលរដ្ឋ និងអាជីវកម្ម។
សម្រាប់លោក ឡេ អាញ់ទន់ កន្លងមក ក្រសួងបានអនុវត្តរបៀបវារៈនេះយ៉ាងទូលំទូលាយលើវិស័យជាច្រើនរួមទាំងការបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ញាសប្បនិម្មិត (AI) ទៅក្នុងកិច្ចការទូតកម្រិតខ្ពស់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ លោកបន្ថែមថាក្នុងទស្សនវិស័យដល់ឆ្នាំ ២០៣០ និង ២០៤៥ ក្រសួងមានគោលដៅបង្កើតប្រព័ន្ធអេកូឡូស៊ី AI សម្រាប់វិស័យការទូត ពង្រឹងទិន្នន័យ និងចូលរួមបង្កើតស្តង់ដារអន្តរជាតិស្តីពីសន្តិសុខអ៊ីនធឺណិត និងសេដ្ឋកិច្ចឌីជីថល ហើយវៀតណាម ប្តេជ្ញាអភិវឌ្ឍធនធានមនុស្សឱ្យមានទាំងការវិនិច្ឆ័យនយោបាយ និងចំណេះដឹងបច្ចេកវិទ្យា ដើម្បីធានាបាននូវតួនាទីឈានមុខគេក្នុងការរួមបញ្ចូលអន្តរជាតិ៕