ភ្នំពេញ៖ ក្រសួងអប់រំ នឹងរៀបចំការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន ១៥កន្លែង ឱ្យទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ មុខជំនាញដែល ជ្រើសរើសរួមមាន បរិស្ថាន, ព័ត៌មានវិទ្យា, គ្រប់គ្រងព្រៃឈើ, សណ្ឋាគារ និងទេសចរណ៍, សេដ្ឋកិច្ច-ពាណិជ្ជកម្ម, ស្ថាបត្យកម្ម, ព្រមទាំងគ្រប់គ្រងធនធានទឹក និងឧតុនិយម។
យោងតាមគេហទំព័រក្រសួងអប់រំ ដើម្បីអាចដាក់ពាក្យ បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃសមមូល អាយុមិនលើសពី ២៥ឆ្នាំ (គិតត្រឹមខែតុលា ឆ្នាំ២០២៦) និងមានសុខភាពល្អទាំងកាយសម្បទា និងសតិបញ្ញា។ ការទទួលពាក្យសុំប្រឡងនឹងចាប់ផ្តើមពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៦:០០នាទី នៅការិយាល័យសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន ដែលមានអាសយដ្ឋាននៅអាគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្រសួងបានគូសបញ្ជាក់ថា ការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ដោយបេក្ខជនត្រូវប្រឡងលើ ២វិញ្ញាសា គឺវប្បធម៌ទូទៅ (រយៈពេល ១ម៉ោង៣០នាទី) និងគណិតវិទ្យា (រយៈពេល ១ម៉ោង៣០នាទី)។
សម្រាប់សំណុំឯកសារដែលត្រូវបំពេញ និងភ្ជាប់មកជាមួយរួមមាន បង្កាន់ដៃដាក់ពាក្យសុំ ១ច្បាប់, ពាក្យសុំអាហារូបករណ៍ ១ច្បាប់, ជីវប្រវត្តិសង្ខេប ១ច្បាប់, កិច្ចសន្យា ១ច្បាប់, សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសមមូលច្បាប់ចម្លង ១ច្បាប់ (មានបញ្ជាក់ពីសាលារាជធានី ខេត្ត ខណ្ឌ ក្រុង ស្រុក និងត្រូវភ្ជាប់ច្បាប់ដើមមកផ្ទៀងផ្ទាត់), សេចក្តីបញ្ជាក់ពីអង្គភាពចំពោះបេក្ខជនជាមន្ត្រីរាជការ, សេចក្តីបញ្ជាក់ពីគ្រឹះស្ថានសិក្សាចំពោះបេក្ខជនជានិស្សិត, រូបថតទំហំ ៤x៦ ចំនួន ៤សន្លឹក (ថតចំពីមុខ ផ្ទៃពណ៌ស គ្មានវ៉ែនតា) និងវិញ្ញាបនបត្រពិនិត្យសុខភាព ២ច្បាប់ ដែលត្រូវបំពេញក្រោយពេលប្រឡងជាប់។ បេក្ខជនអាចទាក់ទងសួរព័ត៌មានបន្ថែមតាមទូរស័ព្ទលេខ ០៩៨ ៩៩៩ ៧៤៩៕