ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល បានបញ្ជាឱ្យស្ថាប័នរដ្ឋពាក់ព័ន្ធទាំងអស់ ពន្លឿនការដោះស្រាយបញ្ហា«កម្លាំងពលកម្មដោយបង្ខំ» និង «ផលិតកម្មលើសកម្រិត» បន្ទាប់ពីប្រទេសថៃត្រូវបានដាក់បញ្ចូលក្នុងក្រុមអត្រាពន្ធ ១២.៥% ក្រោមការដាក់ពន្ធមាត្រា ៣០១ របស់សហរដ្ឋអាម៉េរិក។ លោក អនុទីន ប្រាប់ឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធមិនត្រូវមើលត្រឹមតែអត្រាពន្ធនោះទេ ប៉ុន្តែត្រូវដោះស្រាយកត្តាហានិភ័យចម្បងៗទាំងនេះជាបន្ទាន់ ដើម្បីជៀសវាងការធ្លាក់ខ្លួនរងវិធានការពាណិជ្ជកម្មបន្ថែមទៀតពីសហរដ្ឋអាម៉េរិកក្នុងពេលអនាគត។ នេះបើតាមការចេញផ្សាយរបស់កាសែតThe Nation។
បើតាមនាយករដ្ឋមន្រ្តីថៃរូបនេះ ដើម្បីទប់ស្កាត់ហានិភ័យពលកម្មដោយបង្ខំ ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធថៃ ត្រូវបានតម្រូវឱ្យអនុវត្តច្បាប់ឱ្យបានហ្មត់ចត់ និងអភិវឌ្ឍប្រព័ន្ធតាមដានខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីធានាថាទំនិញរបស់ថៃគ្មានការពាក់ព័ន្ធនឹងពលកម្មដោយបង្ខំនៅគ្រប់ដំណាក់កាលទាំងអស់។
លោកបន្តទៀតថាក្រសួងពាណិជ្ជកម្មថៃ សហការជាមួយក្រសួងឧស្សាហកម្ម ក្រសួងកសិកម្ម និងនាយកដ្ឋានគយ ត្រូវកំណត់អត្តសញ្ញាណឧស្សាហកម្មដែលមានហានិភ័យ និងទប់ស្កាត់រាល់ការបន្លំប្រភពដើមទំនិញ ឬការប្រើប្រាស់ប្រទេសថៃជាច្រកឆ្លងកាត់ដើម្បីគេចវេសពីវិធានការពាណិជ្ជកម្ម។
លោក អនុទីន បានសង្កត់ធ្ងន់ថា ការគាំទ្រដល់អាជីវកម្មត្រូវផ្តោតសំខាន់លើការកែលម្អផលិតភាព ការកាត់បន្ថយថ្លៃដើម និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ជាជាងការពង្រីកទំហំផលិតកម្មដោយគ្មានតម្រូវការទីផ្សារពិតប្រាកដ។
អនុទីន ក៏បានណែនាំឱ្យគ្រប់ស្ថាប័នរដ្ឋថៃ រៀបចំវិធានការឆ្លើយតបជាប្រព័ន្ធ និងកំណត់ពេលវេលាអនុវត្តឱ្យបានច្បាស់លាស់ ដើម្បីជាមូលដ្ឋានក្នុងការគាំទ្រដល់កិច្ចចរចាជាមួយសហរដ្ឋអាម៉េរិក ក៏ដូចជាជួយកាត់បន្ថយផលប៉ះពាល់ដល់វិស័យអាជីវកម្ម និងការនាំចេញរបស់ថៃ៕