Swift cc time

ស្ថានទូតចិននៅថៃ ជំរុញឱ្យថៃបើកការស៊ើបអង្កេតជាបន្ទាន់ លើហេតុការណ៍សន្តិសុខជនជាតិថៃ វាយតប់លើពលរដ្ឋចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ ស្ថានទូតចិនប្រចាំប្រទេសថៃ បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានជំរុញឱ្យភាគីពាក់ព័ន្ធស្វែងរកការពិត និងដោះស្រាយឱ្យបានឆាប់រហ័ស ករណីពលរដ្ឋចិនម្នាក់ ត្រូវបានបុគ្គលិកសន្តិសុខប្រើប្រាស់អំពើហិង្សា និងអូសទាញចេញពីកម្មវិធីជួបជុំ អ្នកគាំទ្រតារាថៃពីររូប ដែលរៀបចំដោយក្រុមហ៊ុនកម្សាន្តថៃដ៏ល្បី GMMTV ក្នុងទីក្រុងបាងកក កាលពីថ្ងៃសៅរ៍។

យោងតាមប្រភពព័ត៌មាន Global Times បុគ្គលិកសន្តិសុខស្លៀកពាក់ខ្មៅម្នាក់បានចាប់ស្មា និងករបស់ស្ត្រីជនជាតិចិននោះ ព្រមទាំងព្យាយាមដកហូតទូរសព្ទដៃរបស់នាង ពេលនាងកំពុងកាន់ថត រួចហើយក៏បានបង្ខំ និងរុញនាងដួលទៅលើឥដ្ឋ ខណៈមានមនុស្សជាច្រើនព័ទ្ធជុំវិញ។

ភ្លាមៗ ក្រុមហ៊ុន GMMTV បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ ដោយទទួលស្គាល់ថា បុគ្គលិកខ្លួន បាន «ប្រើប្រាស់កម្លាំងខ្លាំងលើសលប់» និងបានសម្តែងការសោកស្តាយ ចំពោះឧប្បត្តិហេតុនេះ។ក្រុមហ៊ុនដដែល បានបញ្ជាក់ថា បុគ្គលិកដែលប្រើប្រាស់អំពើហិង្សានោះគឺជាបុគ្គលិកខាងក្រៅ (outsourced) ដែលត្រូវបានជួលមកសម្រាប់ព្រឹត្តិការណ៍នេះ ហើយឥឡូវនេះត្រូវបានព្យួរការងាររង់ចាំការស៊ើបអង្កេតបន្ថែម។

តាមព័ត៌មានចុងក្រោយ ជនរងគ្រោះ បានផ្តល់ចម្លើយរួចរាល់ហើយនៅស្ថានីយ៍ប៉ូលិសមូលដ្ឋានថៃ និងកំពុងស្វែងរកជំនួយពីស្ថានទូតចិន។ ជាការឆ្លើយតប ស្ថានទូតចិនប្រចាំប្រទេសថៃ ក៏បានលើកឡើងតាមរយៈគណនី WeChat ផ្លូវការរបស់ខ្លួនថា ខ្លួនបានទទួលព័ត៌មានពីពលរដ្ឋរងគ្រោះ និង សន្យាផ្តល់ជំនួយចាំបាច់ និងការពារសិទ្ធិស្របច្បាប់របស់ពលរដ្ឋខ្លួន៕

Khcct banner

អត្ថបទទាក់ទង