ថៃ៖ មនុស្សប្រហែល ២៣,៩០០ នាក់ នៅក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ ត្រូវបានបញ្ជាក់ថា មានឆ្លងមេរោគអេដស៍ និងប្រហែល ៧០០ នាក់ផ្សេងទៀត ជាប់ពាក់ព័ន្ធករណីឆ្លងថ្មីក្នុងឆ្នាំនេះដោយក្នុងនោះមានយុវជនថៃ អាយុពី ១៥ ដល់ ២៤ ឆ្នាំ មានការឆ្លងថ្មី រហូតដល់ ៤៩% នៃចំនួនសរុបទូទាំងប្រទេស ហើយមនុស្សវ័យចន្លោះពី ២៥ ដល់ ៤៩ ឆ្នាំ បន្តចាត់ចូលជាក្រុមឆ្លងថ្មីច្រើនជាងគេ។ការផ្ទុះនៃចំនួនឆ្លងដ៏ច្រើននេះបានធ្វើឱ្យ ពលករចំណាកស្រុក ជនជាតិភាគតិច និងបុគ្គលិកសេវាផ្លូវភេទថៃ ជួបឧបសគ្គក្នុងការទទួលបានសេវាសុខភាព និងការរើសអើងក្នុងសង្គម។
យោងតាមព័ត៌មានថៃ Bangkok Post មូលហេតុចម្បងគឺបណ្តាលមកពីការផ្លាស់ប្តូសកម្មភាពផ្លូវភេទ កង្វះការយល់ដឹងពីការការពារ និងការខ្វះខាតការទទួលសេវាសុខភាពបានត្រឹមត្រូវ ក្នុងនោះរួមមានការប្រើប្រាស់កម្មវិធីណាត់ជួបដើម្បីស្វែងរកដៃគូផ្លូវភេទថ្មី បានក្លាយជាកត្តាហានិភ័យបន្ថែមទៀតនៃការឆ្លងមេរោគមួយនេះ។ ទិន្នន័យបង្ហាញថាបុរសរួមភេទជាមួយបុរស (MSM) ជាង ៦១% ប្រើប្រាស់កម្មវិធីណាត់ជួបទាំងនេះដែលមិនដឹងពីប្រវត្តដៃគូរពិតប្រាកដ ដែលអាចបង្កើនហានិភ័យនៃការចម្លងមេរោគអេដស៍ និងជំងឺកាមរោគផ្សេងៗទៀតដូចជាជំងឺអុតស្វាជាដើម។
ជាការឆ្លើយតប មន្ត្រីសុខាភិបាលថៃ បានស្នើឱ្យមានការកាត់បន្ថយវិសមភាព និងការរើសអើងសង្គម និង អំពាវនាវឱ្យមានការពង្រឹងការអប់រំសាធារណៈតាមប្រព័ន្ធឌីជីថល និងធានាឱ្យមានការទទួលបានសេវាពិនិត្យ ថ្នាំការពារដូចជាប្រភេទ PrEP និង PEP ក៏ដូចជាការព្យាបាលឱ្យបានទាន់ពេលវេលា៕