ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៨ កក្កដានេះ បានចេញសេចក្តីប្រកាសពីការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦។
ក្នុងសេចក្តីប្រកាស ក្រសួងនឹងបិទផ្សាយបញ្ជីឈ្មោះបេក្ខជនចំនួន ២លើកគឺ លើកទី១៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ដើម្បីឱ្យបេក្ខជនពិនិត្យ និងស្វែងរកឈ្មោះតាមមណ្ឌលប្រឡង និងលើកទី២៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅតាមមណ្ឌលប្រឡង ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះ មណ្ឌលប្រឡង លេខបន្ទប់ និងលេខតុម្តងទៀត។ ជាមួយគ្នានេះ ក្រសួងនឹងផ្សព្វផ្សាយ បញ្ជីអក្ខរក្រមបេក្ខជន តាមគេហទំព័រ និងបណ្តាញសង្គមផ្លូវការរបស់ក្រសួង ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ដើម្បីសម្រួលដល់បេក្ខជនក្នុងការស្វែងរកឈ្មោះ និងមណ្ឌលប្រឡងជាមុន។
ដំណើរការប្រឡង ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ដោយដំណើរការកំណែ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ខណៈពេលលទ្ធផលប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ តាមមណ្ឌលសំណេរនៃរាជធានី ខេត្តទាំង២៥ ទូទាំងប្រទេស។
វិញ្ញាសាប្រឡងទាំងអស់ ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាត្រូវបានរៀបចំសម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម ដោយក្នុងថ្នាក់នីមួយៗ មាន ៧មុខវិជ្ជា។ ទម្រង់វិញ្ញាសាត្រូវបានរៀបចំជា ២ប្រភេទ គឺ ទម្រង់វិញ្ញាសាកត់លើក្តារខៀន និងទម្រង់វិញ្ញាសាចែកជូនបេក្ខជន។
ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅដោយឈរលើគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ «អ្នកចេះ គឺជាប់»។ ក្រសួងអប់រំ បានអំពាវនាវដល់បេក្ខជនទាំងអស់ គោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានម៉ឺងម៉ាត់ ជាពិសេស មិនត្រូវលាក់ទុកជាប់នឹងខ្លួននូវទូរស័ព្ទដៃ នាឡិកាឆ្លាតវៃ វ៉ែនតាឆ្លាតវៃ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ បេក្ខជនដែលប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ នឹងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
គួរបញ្ជាក់ថា ការប្រឡងនៅឆ្នាំនេះ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៥១ ២៣៨នាក់ (ស្រី ៨៤ ៧៣៥នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៧ ៤៤៥នាក់ (ស្រី ២២ ១៩៣នាក់) និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១១៣ ៧៩៣នាក់ (ស្រី ៦២ ៥៤២នាក់)។ មណ្ឌលប្រឡង មានចំនួនសរុប ២៤៤មណ្ឌល ស្មើនឹង ៦ ១០៤បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មាន ៦៨មណ្ឌល ស្មើនឹង ១ ៥២៦បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន ១៧៦មណ្ឌល ស្មើនឹង ៤ ៥៧៨បន្ទប់៕