Swift cc time

ត្រាំផ្អាកវាយប្រហារលើអ៊ីរ៉ង់ ដើម្បីបើកផ្លូវចរចាជាមួយគ្នា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ

អាម៉េរិក៖ លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានសម្រេចផ្អាកបន្តការវាយប្រហារលើអ៊ីរ៉ង់ជាលើកទីបី ដើម្បីផ្តល់ពេលវេលាបន្ថែមទៀតដល់ការទូត និងបើកផ្លូវចរចាបញ្ចប់សង្រ្គាមជាមួយគ្នា។ ថ្លែងទៅកាន់ Fox News កាលពីថ្ងៃអាទិត្យ លោកឯកអគ្គរដ្ឋទូតប្រចាំនៅអង្កការសហប្រជាជាតិ Mike Waltz បញ្ជាក់ថាលោកប្រធានាធិបតីត្រាំកំពុងផ្តល់ឱកាសខ្លះដល់ការចរចាជាមួយនឹងអ៊ីរ៉ង់។ ការសម្រេចផ្អាកនេះធ្វើឡើងបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាម៉េរិកចំនួន ១៣ យប់ជាប់ៗគ្នាលើអ៊ីរ៉ង់ ដែលអាម៉េរិកថាមានគោលបំណងធ្វើឱ្យខូចសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការគំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រហ័រមូស។

លោក Mike Waltz ក៏បានបដិសេធរបាយការណ៍នៅក្នុងកាសែត New York Times ដែលថាមន្ត្រីរដ្ឋបាលរបស់លោកត្រាំបានព្រមានថាការបន្តវាយប្រហារលើអ៊ីរ៉ង់ទៀតនឹងបណ្តាលឲ្យស្តុកគ្រាប់រំសេវការពារដែនអាកាសអាម៉េរិកថយចុះលឿនខ្លាំង និងបង្កឲ្យមានការព្រួយបារម្ភពីកង្វះគ្រាប់រំសែវ។លោកថាយោធាអាម៉េរិកមានអ្វីគ្រប់យ៉ាងដែលខ្លួនត្រូវការដើម្បីបន្តការប្រយុទ្ធជាមួយអ៊ីរ៉ង់ លោកបានច្រានចោលការលើកឡើងរបស់ New York Times ។

ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅអង្កការសហប្រជាជាតិលោក Mike Waltz 

អ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ម្នាក់បានបញ្ជាក់កាលពីថ្ងៃអាទិត្យដែលថា អ៊ីរ៉ង់បានបញ្ឈប់ការវាយប្រហារសងសឹកនៅក្នុងតំបន់រួចជាស្រេច។ អ៊ីរ៉ង់ និងអូម៉ង់ បានធ្វើកិច្ចពិភាក្សាបច្ចេកទេសជាច្រើនជុំនៅទីក្រុងតេអេរ៉ង់ នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ ដើម្បីពិភាក្សាអំពីការគ្រប់គ្រងច្រកសមុទ្រហ័រមូសឡើងវិញ។

គួរកត់សម្គាល់ថាតម្លៃប្រេងបានធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីការផ្អាកនេះ ដោយធ្លាក់ចុះក្រោម ៩០ ដុល្លារក្នុងមួយបារ៉ែលនៅព្រឹកថ្ងៃចន្ទ បន្ទាប់ពីឡើងដល់ ១០០ ដុល្លារជាលើកដំបូងចាប់តាំងពីខែឧសភាសប្តាហ៍មុន ដោយជម្លោះលើការគ្រប់គ្រងច្រកសមុទ្រនេះបានធ្វើឱ្យភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ផ្ទុះឡើងជាថ្មីនៅដើមខែនេះ ហើយបញ្ហានេះនៅតែជាឧបសគ្គដ៏សំខាន់មួយក្នុងការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ជាមួយគ្នា។

អ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយកាលពីខែមិថុនា ដើម្បីបញ្ឈប់ប្រតិបត្តិការយោធា និងបើកច្រកសមុទ្រឡើងវិញ ក៏ដូចជាដើម្បីឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមក្នុងរយៈពេល ៦០ ថ្ងៃបន្ទាប់។ ប៉ុន្តែបន្ទាប់ពីកងកម្លាំងអ៊ីរ៉ង់បានវាយប្រហារនាវាដឹកប្រេងនៅច្រកសមុទ្រហ័រមូស នៅថ្ងៃទី ១៣ ខែកក្កដា សហរដ្ឋអាម៉េរិកបានបន្តការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ម្តងទៀត ដែលបណ្តាលឲ្យអ៊ីរ៉ង់ឆ្លើយតបវិញរហូតដល់ច្រកហ័រមូសត្រូវបានបិទម្តងទៀត៕

Khcct banner

អត្ថបទទាក់ទង