Swift cc time

ការធ្វើទីផ្សារ ដែលផ្សារភ្ជាប់ជាមួយវប្បធម៌ នឹងមាន «គុណតម្លៃ»យូរអង្វែង

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ប្រឡូកក្នុងវិស័យទីផ្សារឌីជីថល រយៈពេលប្រមាណជិត១០ឆ្នាំ លោក ឡាំង មេសា មានទស្សនៈថា​ ការបង្កើតមាតិកាដែលមានគុណភាព មិនមែនគ្រាន់ជាការបង្កើតតាម Trend ឱ្យផ្ទុះក្នុងរយៈពេលខ្លីដែលមិនបានគិតគូរពីគុណតម្លៃចំពោះសង្គមនោះទេ តែជាការបង្កើតដែលពោរពេញទៅដោយភាពច្នៃប្រឌិត និងមានសីលធម៌ក្នុងសង្គម។ ក្នុងនាមជាអ្នកទីផ្សារឌីជីថលនៅធនាគារដ៏ធំមួយ លោកតែងបង្កើតយុទ្ធនាការផ្សារភ្ជាប់នឹងវប្បធម៌ ​ដោយសារតែយល់ឃើញថាវានឹងមានតម្លៃយូរអង្វែង ទោះពេលវេលារំកិលទៅមុខក៏ដោយ។

លោក ឡាំង មេសា បានបញ្ចប់ការសិក្សាជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បន្ទាប់មកលោកបានបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅអាម៉េរិក ក្នុងសាកលវិទ្យាល័យ The New School នៅទីក្រុងញ៉ូវយក ក្រោមអាហារូបករណ៍ Fulbright កាលពីឆ្នាំ២០១៦។ មុននឹងកាន់តំណែងបច្ចុប្បន្នជាប្រធានផ្នែកយុទ្ធសាស្រ្តទីផ្សារឌីជីថល នៅធនាគារ ABA រយៈពេលជិត៥ឆ្នាំមកនេះ លោកបានធ្លាប់មានអាជីពជាគ្រូបង្រៀនសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ធ្វើការនៅអង្គការ និងជាប្រធានផ្នែកទីផ្សារឌីជីថលនៅក្រុមហ៊ុនឯកជន Cellcard។

លោកបានលើកឡើងថា បទពិសោធន៍ជិត១០ឆ្នាំនេះ បានបង្រៀនឱ្យលោកបានដឹងថា អ្នកទីផ្សារដែលល្អ ត្រូវមានភាពច្នៃប្រឌិត និងសីលធម៌ក្នុងសង្គម ដោយមិនគ្រាន់តែបង្កើតយុទ្ធនាការដែលភ្ជាប់ជាមួយនឹង Trend ដោយមិនបានគិតគូរពីផលប៉ះពាល់នៃមាតិការបស់ខ្លួនចំពោះសង្គមនោះឡើយ។​ចំពោះលោកផ្ទាល់ យុទ្ធនាការដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់លោក គឺជាយុទ្ធនាការដែលផ្សាភ្ជាប់ជាមួយនឹងវប្បធម៌។

ក្នុងបទសម្ភាសជាមួយស៊ីស៊ីថាមស៍ លោកបានថ្លែងប្រាប់ថា សម្រាប់យុវជនជំនាន់ក្រោយ ដែលមានបំណងក្នុងការអភិវឌ្ឍខ្លួនក្នុងវិស័យទីផ្សារឌីជីថល យុវជនត្រូវពង្រឹងចំណេះដឹងទូលំទូលាយពីវប្បធម៌ ទំនៀមទម្លាប់របស់ប្រទេសខ្លួន​ បូកផ្សំនឹងការយល់ច្បាស់ពីការប្រើភាសាជាតិ និងភាសាអង់គ្លេស ដើម្បីបង្កើនប្រសិទ្ធភាពនៃការងាររបស់ខ្លួន។ ជាពិសេស យុវជនត្រូវមានជំនាញផ្នែកវិភាគទិន្នន័យផងដែរដើម្បីអាចវាស់វែងថាយុទ្ធនាការរបស់ខ្លួនទទួលបានលទ្ធផលបែបណាសម្រាប់ស្ថាប័នរបស់ខ្លួន៕

ទស្សនាវីដេអូលម្អិត៖



Khcct banner

អត្ថបទទាក់ទង