ថៃ៖ ទីប្រឹក្សាជាន់ខ្ពស់រដ្ឋាភិបាលថៃ លោក Wan Muhamad Noor Matha នៅថ្ងៃចន្ទនេះ បានអំពាវនាវ ឱ្យអាជ្ញាធរថៃ បង្កើនការបង្ក្រាបបណ្តាញជួញដូរគ្រឿងញៀន និងការរត់ពន្ធខុសច្បាប់ ដោយលោកបានលើកឡើងថា បញ្ហាទាំងនេះអាចជាកត្តាចម្បង រួមចំណែកដល់អំពើហិង្សាបន្តកើតមាននៅក្នុងខេត្តភាគខាងត្បូងថៃ។ការអំពាវនាវរបស់លោកឲ្យមានការបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំនៅភាគខាងត្បូងនេះធ្វើឡើងក្រោយពេលដែលទាហានប៉ារ៉ាថៃចំនួន៥នាក់ បានស្លាប់ ដោយសារការបាញ់រះ ដោយក្រុមផ្តាច់ខ្លួនភាគខាងត្បូងកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត។
ថ្លែងនៅឯទីស្តីការរដ្ឋាភិបាល លោក Wan Noor បានសម្តែងការសោកស្តាយចំពោះការបាត់បង់ជីវិតរបស់កងកម្លាំងសន្តិសុខទាំង៥នាក់ និងបានអំពាវនាវឱ្យនាំខ្លួនជនដៃដល់មកផ្តន្ទាទោសតាមច្បាប់។ លោកក៏បានគាំទ្រដល់ការប្រើប្រាស់វិធានការសន្តិសុខសមស្របក្រោមច្បាប់អាជ្ញាសឹកនៅក្នុងខេត្ត Narathiwat។ លោកជំរុញឱ្យរដ្ឋាភិបាលថៃ ស៊ើបអង្កេតលើសកម្មភាពខុសច្បាប់ដទៃទៀតដូចជា ការជួញដូរគ្រឿងញៀន ការរត់ពន្ធ និងការជួញដូរប្រេងឥន្ធនៈខុសច្បាប់ ដែលអាចមានការពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុជាមួយក្រុមឧទ្ទាម។
ឆ្លើយតបនឹងការរិះគន់លើរដ្ឋាភិបាលថៃរបស់លោកអនុទីន លើបញ្ហាជម្លោះភាគខាងត្បូង លោក Wan Noor បានបញ្ជាក់ថា រដ្ឋាភិបាលទើបកាន់តំណែងបាន ៥ ទៅ ៦ ខែប៉ុណ្ណោះ និងបានកំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហានេះ។
គួរបញ្ជាក់ថាលោក ថាក់ស៊ីន គឺជាអ្នកដែលដាក់ច្បាប់សន្តិសុខពិសេសក្នុងតំបន់ដែលនៅតែមានជាធរមានក្នុងតំបន់ក្រុមចង់ផ្តាច់ដីកំពុងតែរស់នៅដែលស្ថិតនៅភាគខាងត្បូងប្រទេសថៃ។ ច្បាប់អាជ្ញាសឹកត្រូវបានអនុម័តនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០០៤ បន្តដោយក្រិត្យគ្រាអាសន្ននៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០០៤ ដោយផ្តល់សិទ្ធិអំណាចដល់យោធាក្នុងការឃុំខ្លួនជនសង្ស័យដែលចង់ផ្តាច់ទឹកដីមកសួរចម្លើយដោយគ្មានដីការហូតដល់ប្រាំពីរថ្ងៃ បើទោះបីជាមិនមានកំហុសជាក់ស្តែងក៏ដោយ។
នៅក្នុងចន្លោះខែមករា ឆ្នាំ ២០០៤ ដល់ខែមករា ឆ្នាំ ២០២៥ មានឧប្បត្តិហេតុសន្តិសុខចំនួន ២២,៩៦២ ដែលត្រូវបានកត់ត្រាដោយអង្គការឃ្លាំមើល ដែលបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ៧,៦៨៣ នាក់ និងរបួស ១៤,៤១៥ នាក់ ដែលជារឿយៗតែងតែមានការសម្លាប់ និងបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងនៅប្រទេសថៃ៕