Swift cc time

យុវជន១៦រូប ផ្តួចផ្តើម MIS Datazone 2026 ដើម្បីបណ្តុះស្មារតី និងជំនាញវិភាគទិន្នន័យដល់យុវជនកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កម្មវិធីបណ្តុះបណ្តាល «MIS Datazone 2026: Introduction to Descriptive Analytics» ត្រូវបានបញ្ចប់ទៅដោយជោគជ័យ ក្នុងការជួយជំរុញ និងពង្រឹងសមត្ថភាពបច្ចេកវិទ្យាឌីជីថល ព្រមទាំងជំនាញវិភាគទិន្នន័យដល់យុវជនចំនួន៥០រូប ។ កម្មវិធីនេះ គឺជាគំនិតផ្តួចផ្តើម និងរៀបចំឡើងដោយផ្ទាល់ដោយក្រុមនិស្សិតផ្នែកគ្រប់គ្រងព័ត៌មានវិទ្យាចំនួន ១៦ រូប។

កម្មវិធី MIS Datazone ត្រូវបានរៀបចំឡើងក្នុងគោលបំណងបណ្ដុះបណ្ដាលសិស្សានុសិស្សថ្នាក់ទី១០-១២ និងសិស្សនិស្សិតឆ្នាំទី១ និងឆ្នាំទី២ ឱ្យអភិវឌ្ឍនូវជំនាញវិភាគទិន្នន័យជាក់ស្តែង ជាពិសេសការវិភាគស្ថិតិពិពណ៌នា (Descriptive Analysis) ដោយផ្តល់ឱ្យយុវជននូវបទពិសោធន៍អនុវត្តផ្ទាល់ជាមួយទិន្នន័យពិតប្រាកដ។

កម្មវិធីនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែមិថុនា ដល់ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៦ មានសិស្ស-និស្សិតចំនួន ៥០ រូប បានចូលរួមរៀនសូត្រ។ ដើម្បីបើកឱកាសឱ្យស្មើភាពគ្នា កម្មវិធីត្រូវបានរចនាឡើងក្នុងទម្រង់ «ងាយស្រួលសម្រាប់អ្នកចាប់ផ្តើម» ដើម្បីឱ្យអ្នកចូលរួមដែលគ្មានបទពិសោធន៍សោះ ក៏អាចរៀនសូត្រ និងយល់ដឹងពីជំនាញទិន្នន័យបានយ៉ាងរហ័ស។

ការបណ្តុះបណ្តាលត្រូវបែងចែកជា ៣ ដំណាក់កាលធំៗ៖

- ថ្ងៃតម្រង់ទិស (Orientation Day - ២៨ មិថុនា)៖ ការណែនាំពីគោលបំណង បង្កើតក្រុម និងជួបពិភាក្សាជាមួយ Mentor។

- ថ្ងៃបណ្តុះបណ្តាល (Training Day - ៤ កក្កដា)៖ ការសិក្សាអនុវត្តជាក់ស្តែងលើ Microsoft Excel រួមមានការសម្អាតទិន្នន័យ (Data Cleaning) ការបង្កើតតារាងរូបភាព (Charts) រចនា Dashboard និងការបកស្រាយទិន្នន័យឆៅឱ្យទៅជាព័ត៌មានមានប្រយោជន៍។

- ថ្ងៃធ្វើបទបង្ហាញ (Pitching Day - ៥ កក្កដា)៖ ការបង្ហាញស្នាដៃ Dashboard និងលទ្ធផលនៃការវិភាគទិន្នន័យនៅចំពោះមុខគណៈកម្មការវាយតម្លៃ។

លោក ថេង ស៊ីងថាយ ប្រធានគ្រប់គ្រងគម្រោង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា «ខ្ញុំបានសង្កេត ឃើញថា សិស្សជាច្រើនមុនពេលចូលសាកលវិទ្យាល័យ នៅមិនទាន់មានជំនាញគ្រប់គ្រាន់ទាក់ទងនឹងការប្រើប្រាស់ទិន្នន័យនៅឡើយទេ។ ពួកគេមួយចំនួនពិបាកបែងចែកថា ទិន្នន័យណាអាចទុកចិត្តបាន និងមិនគួរទុកចិត្ត ហើយមួយចំនួនទៀតមិនទាន់ដឹងពីរបៀបយកទិន្នន័យមកប្រើប្រាស់ក្នុងដំណោះស្រាយបញ្ហាប្រចាំថ្ងៃ។ ដោយសារហេតុនេះហើយ ទើបខ្ញុំ និងក្រុមការងារបង្កើត MIS Datazone 2026 ឡើង ដើម្បីក្លាយជាវេទិកាមួយដែលជួយឱ្យសិស្ស-និស្សិតចាប់ផ្តើមរៀនពីទិន្នន័យបានងាយស្រួល តាមរយៈការអនុវត្តជាក់ស្តែង»។

ក្រៅពីការបណ្តុះបណ្តាលជំនាញបច្ចេកទេស កម្មវិធីនេះបានផ្តល់ផលវិជ្ជមានយ៉ាងធំធេងដល់យុវជនទាំង ៥០ រូប តាមរយៈការបណ្តុះជំនាញទន់ចាំបាច់សម្រាប់យុគសម័យថ្មី ដូចជា ការគិតបែបវិភាគ (Analytical Thinking) ការធ្វើការជាក្រុម ការដោះស្រាយបញ្ហា និងសេចក្តីក្លាហានក្នុងការធ្វើបទបង្ហាញ (Pitching) ដោយផ្អែកលើទិន្នន័យជាក់ស្តែង។

ជោគជ័យនៃកម្មវិធី MIS Datazone 2026 ស្តែងឱ្យឃើញពីសមត្ថភាព និងស្មារតីម្ចាស់ការរបស់យុវជន ក្នុងការរួមចំណែកអភិវឌ្ឍធនធានមនុស្សក្នុងស្រុក។ យុវជនទាំង១៦រូប ដែលជានិស្សិតនៃសាកលវិទ្យាល័យផារ៉ាហ្គន បានប្តេជ្ញានឹងបន្តរៀបចំកម្មវិធីនេះជាបន្តបន្ទាប់ទៀត ដើម្បីជំរុញការអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យា និងការវិភាគទិន្នន័យសម្រាប់យុវជនកម្ពុជាឱ្យកាន់តែទូលំទូលាយ៕

Khcct banner

អត្ថបទទាក់ទង